(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup លើកទី១៤ (ថ្នាក់ជាតិ) ឆ្នាំ២០២០ បានឈានដល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រហើយនាល្ងាចថ្ងៃទី០៧ ខែវិច្ឆិកានេះ រវាងក្លិបវិសាខា និងក្លិបណាហ្គាវើលដ៏។ ចាំមើលរវាងក្រុមខ្លាំងទាំងពីរ តើក្រុមណានឹងគ្រងជើងឯកពានលំដាប់ទី២ ក្នុងស្រុកនេះ?

ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត កាលពីល្ងាចមិញ គ្រូបង្វឹករបស់ក្រុមទាំងពីរ បានបង្ហាញពីការត្រៀមខ្លួនរួចរាល់ អមជាមួយក្ដីរំពឹងក្នុងការដណ្ដើមជ័យជម្នះ ដើម្បីគ្រងជើងឯក និងចារជាប្រវត្តិសាស្ដ្រជូនក្លិបរៀងៗខ្លួន ពិសេសគ្រូបង្វឹកក្រុមណាហ្គាវើលដ៏ លោក មាស ចាន់ណា ដែលរំពឹងមិនជួបប្រវត្តិសាស្ដ្រច្រំដែល តាំងពីនៅជាកីឡាករ រហូតដល់ក្លាយជាគ្រូបង្វឹកទៀតឡើយ ដ្បិតប្រវត្តិឡើងវគ្គផ្ដាច់ព្រ័ត្រ ៦ដងរបស់ក្រុមនាគមាសនេះ ធ្លាប់ឈ្នះពានតែម្ដងប៉ុណ្ណោះ។

លោកនិយាយថា «ភាពខកចិត្តសម្រាប់ខ្ញុំ តាំងពីខ្ញុំនៅជាកីឡាកររហូតមកធ្វើគ្រូ វាច្រើនដងហើយនៅវគ្គនេះ។ អញ្ចឹងយើងរំពឹងថា យើងមិនចង់ខកចិត្តម្ដងទៀតទេ តែអ្វីៗរង់ចាំតែមើលការប្រកួតបញ្ចប់។ តែក្ដីរំពឹងរបស់ខ្ញុំ ខ្ញុំអត់ចង់ឲ្យបាត់បង់ឱកាសនេះម្ដងទៀតទេ ព្រោះយើងបាត់បង់ឱកាសហ្នឹងច្រើនលើកហើយ មើលទៅណាហ្គាឡើងដល់ Final នេះ ៦ដងហើយ។ អញ្ចឹងហើយខ្ញុំគិតថា ជាក្ដីរំពឹងរបស់ខ្ញុំមួយ ដែលខ្ញុំគិតថាអាចនឹងចារប្រវត្តិសាស្ត្រមួយ សម្រាប់ណាហ្គានៅឆ្នាំ២០២០ នេះ។ នេះជាក្ដីរំពឹងរបស់ខ្ញុំ តែអ្វីៗរង់ចាំមើលដល់ចប់ ៩០នាទីសិន»

ដោយឡែកលោក Colum Curtis គ្រូបង្វឹកក្រុមវិសាខាវិញបានអះអាងថា ក្រុមខ្លួនបានធ្វើការហ្វឹកហាត់យ៉ាងខ្លាំងខ្លា ដើម្បីត្រៀមការប្រកួតដ៏សំខាន់នេះ ព្រោះលោកមិនចង់ឲ្យខកចិត្តដល់កាលពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលក្រុមខ្លួនមានឱកាសស៊ុតក្បែរ ៣០ដង តែបែរជារកបានត្រឹម ១គ្រាប់នោះទេ។ ដូច្នេះលោករំពឹងថា ការប្រកួតនេះ នឹងក្លាយជាជំនួបដ៏អស្ចារ្យ ហើយកូនក្រុមខ្លួននឹងធ្វើបានល្អ ដើម្បីប្រជែងពាន និងឱកាសទៅលេងពានរង្វាន់ AFC Cup 2021។

គួរបញ្ជាក់ថា ជំនួបវគ្គផ្ដាច់ព្រ័ត្រ ដើម្បីដណ្ដើមពានសម្ដេចតេជោនាយករដ្ឋមន្ដ្រី រវាងក្លិបវិសាខា និងណាហ្គាវើលដ៏ នឹងចាប់ផ្ដើមប្រកួតនាម៉ោង ៦ល្ងាច ពោលគឺក្រោយចប់ការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ រវាងក្លិបភ្នំពេញក្រោន និងខេត្តព្រៃវែង ដែលនឹងធ្វើការប្រកួតនាម៉ោង ៣រសៀល នៅពហុកីឡដ្ឋានជាតិតែមួយគត់ ។ ចំពោះប្រាក់រង្វាន់ជ័យលាភីវិញ ក្រុមជើងឯកនឹងទទួលបាន ១០០លានរៀល, ក្រុមលេខ២ នឹងទទួលបាន ៦០លានរៀល ខណៈក្រុមលេខ៣ នឹងទទួលបាន ៣០លានរៀល ព្រមទាំងរង្វាន់មួយចំនួនទៀតផងដែរ៕