(តូរីន)៖ លោក Roberto Mancini ត្រូវបានរាយការណ៍ថា បានឆ្លងជំងឺ COVID-19 ដោយបច្ចុប្បន្ន លោកជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអាសូរីអ៉ីតាលីដែលត្រូវដឹកនាំកូនក្រុមលេង ៣ប្រកួតនៅ UEFA Nations League នាខែវិច្ឆិកា ឆ្នាំ២០២០ នេះ។

បុរសវ័យ ៥៥ឆ្នាំសញ្ជាតិអ៉ីតាលីខាងលើនេះ ក៏ត្រូវបានស្នាក់នៅដាច់ដោយឡែកពីគេនៅផ្ទះដែលស្ថិតក្នុងទីក្រុងរ៉ូម ដើម្បីធ្វើការព្យាបាលផងដែរ។ នេះបើតា មការចេញផ្សាយដោយ BBC នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០។

សហព័ន្ធបាល់ទាត់អ៉ីតាលី (FIGC) បានបង្ហាញថា លោក Mancini បានតេស្តវិជ្ជមាន COVID-19 មុនពេលជម្រើសជាតិអ៉ីតាលីត្រូវលេង ៣ប្រកួតក្នុង ២សប្តាហ៍ខាងមុខ ដោយត្រូវប្រកួតមិត្តភាពជាមួយក្រុម អេស្តូនី នាថ្ងៃទីពុធ និងការប្រកួតពានរង្វាន់ក្របខណ្ឌអឺរ៉ុប Nations League ទល់នឹងប៉ូឡូញ និងបូស្នៀ។

គួររំលឹកផងថា លោក Mancini អតីតអ្នកចាត់ការទូទៅក្រុម Manchester City និង Inter Milan ដែលបានលើកពាន Serie A ៣លើកជាប់គ្នា ជាមួយនឹងការឈ្នះពាន Premier League, FA Cup មុនពេលផ្លាស់មកដឹកនាំអ៉ីតាលីនៅឆ្នាំ២០១៨ ដោយរកបានជ័យជម្នះ ១០លើក ក្នុងនោះក៏មានជម្រុះពាន Euro 2020 ផងដែរ៕