(ភ្នំពេញ)៖ តំណាងក្រុមភ្នំពេញក្រោន និងខេត្តព្រៃវែង នៅតែចាត់ទុកការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup លើកទី១៤ (ថ្នាក់ជាតិ) ឆ្នាំ២០២០ នារសៀលថ្ងៃសៅរ៍នេះ គឺជាជំនួបដ៏សំខាន់ ហើយក្រុមទាំងពីរបានត្រៀមខ្លួនរួចរាល់ដូចគ្នា ដើម្បីដណ្ដើមជ័យជម្នះក្នុងការប្រកួតបញ្ចប់រដូវកាលនេះ។

លោក កែវ សុខង៉ន អ្នកចាត់ការទូទៅក្រុមភ្នំពេញក្រោនបានថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតថា កូនក្រុមរបស់ខ្លួនបានត្រៀមយ៉ាងល្អ ដើម្បីបង្ហាញខ្លួនលើទីលាន ហើយរឹតតែមិនអាចមើលស្រាលខេត្តព្រៃវែង ទោះបីពួកគេសម្បូរកីឡាករក្មេងៗក៏ដោយ។ យ៉ាងណាមិញលោកបានសម្ដែងការពេញចិត្តចំពោះខេត្តព្រៃវែង ដែលជាក្រុមយុវជនដ៏មានសក្ដានុពល រហូតទម្លាក់ក្រុមល្អៗក្នុងលីគ ដូចជាអង្គរថាយហ្គឺរ និងទ័ពជាដើម។

អតីតសមាជិកក្រុមជម្រើសជាតិកម្ពុជា និងធ្លាប់ជួយក្លិបភ្នំពេញក្រោនលើកពានសម្ដេចតេជោ ២សម័យរូបនេះបានបន្ដថា «ខ្ញុំគិតថា ការប្រកួតយើងនេះ មិនអាចមើលស្រាលក្មេងៗដែរ យើងឃើញសមត្ថភាពរបស់គាត់ ការតាំងចិត្តរបស់គាត់ខ្ពស់ ពួកយើងក៏លេងដោយមានទំនុកចិត្តដូចគ្នា ហើយយើងក៏មិនមើលងាយគូប្រកួត ហើយសង្ឃឹមថា ការប្រកួតនេះនឹងល្អមើល យុវជនប៉ះយុវជនដូចគ្នា»

ចំណែកឯលោក ឡុច សុភា គ្រូបង្វឹកខេត្តព្រៃវែងបានបញ្ជាក់ថា «ការប្រកួតនេះ ខ្ញុំគិតថា គឺជាការប្រកួតមួយដ៏សំខាន់សម្រាប់ខេត្តព្រៃវែង ទោះបីការប្រកួតនេះលេងដណ្ដើមចំណាត់ថ្នាក់លេខ៣ ឬលេខ៤ ក៏ដោយ តែគឺជាការប្រកួតសំខាន់ ពួកខ្ញុំនឹងខិតខំប្រឹងលេងឲ្យអស់ពីសមត្ថភាព»។ លើសពីនេះ លោកក៏ធ្លាប់បង្ហាញក្ដីរំពឹង ៧០% ក្នុងការយកឈ្នះភ្នំពេញក្រោនផងដែរ ប្រសិនបើកូនក្រុម រក្សាទម្រង់លេងល្អ ដូចកាលប៉ះវិសាខាពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះ។

គួរបញ្ជាក់ថា ការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ រវាងភ្នំពេញក្រោន និងខេត្តព្រៃវែង នឹងចាប់ផ្ដើមប្រកួតម៉ោង ៣រសៀលថ្ងៃទី៧ ខែវិច្ឆិកានេះ ហើយក្រោយចប់ការប្រកួតនេះ ទើបឈានដល់ការប្រកួតដណ្ដើមជើងឯករវាងក្លិបវិសាខា និងណាហ្គាវើលដ៏ ដែលនឹងចាប់ផ្ដើមប្រកួតនាម៉ោង ៦ល្ងាចថ្ងៃដដែលនេះនៅពហុកីឡដ្ឋានជាតិតែមួយគត់៕