(កាលីហ្វរញ៉ា)៖ ក្រុមហ៊ុនផលិតរថយន្តអាមេរិក Tesla នាពេលថ្មីៗនេះ បានចេញលក់ម៉ាកស្រាផ្ទាល់ខ្លួន ដែលជាប្រភេទស្រាតេគីឡា (Tequila) ហើយវាមានតម្លៃ២៥០ដុល្លារក្នុងមួយដប។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០។

ស្រាតេគីឡានោះមានឈ្មោះថា Tesla Tequila ហើយបើតាមរូបភាពនៅលើវែបសាយរបស់ក្រុមហ៊ុន Tesla គឺវាមានរូបរាងប្រណិតប្លែក គឺដូចជាសញ្ញារន្ទះយ៉ាងដូច្នោះ។ គ្រាន់តែចេញលក់បានមួយភ្លែត ស្រា Tesla Tequila ត្រូវបានដាក់ថា «អស់ពីស្តុក» ភ្លាមៗ។ ប្រធាន Tesla លោក Elon Musk ធ្លាប់បានបង្ហោះសារលេងនៅលើ Twitter អំពីគំនិតនៃស្រាតេគីឡាហៅថា «Teslaquila» កាលពីថ្ងៃលេងសើច April Fool's Day ឆ្នាំ២០១៨។

ពេលនោះមនុស្សភាគច្រើនយល់ថា វាគ្រាន់តែជាការកំប្លែងលេងរបស់លោក Musk ប៉ុណ្ណោះ។ ប៉ុន្តែនៅខែតុលា ឆ្នាំដដែល លោក Musk ក៏បានព្យាយាមចុះបញ្ជីម៉ាកស្រា «Teslaquila» នេះដែរ។ យ៉ាងណាក្តី ឈ្មោះ Teslaquila នេះ ហាក់មានបញ្ហា ទើបឥឡូវត្រូវហៅថា Tesla Tequila វិញ។

គួរជម្រាបថា ការលក់ផលិតផលប្លែកៗបែបនេះគឺមិនមែនជារឿងអ្វីចម្លែកឡើយ សម្រាប់លោក Elon Musk។ កាលពីកំឡុងដើមឆ្នាំ២០១៨ លោក Musk ធ្លាប់បានលក់ឧបករណ៍បាញ់ភ្លើង មានតម្លៃ៥០០ដុល្លារក្នុងមួយដើម ដែលជួយបង្កើនចំណូលបានរហូតដល់១០លានដុល្លារ ឲ្យគម្រោងអភិវឌ្ឍផ្លូវក្រោមដីល្បឿនលឿននៃក្រុមហ៊ុន Boring របស់លោក៕