(ភ្នំពេញ)៖ ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូអិលធីឌី ដែលមហាជនស្គាល់ថា ជាផ្សារទំនើប អ៊ីអន ម៉ល ដែលមានវត្តមានមុនគេបង្អស់នៅប្រទេសកម្ពុជា នៅរសៀល ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានរៀបចំកម្មវិធីប្រកួតជ្រើសរើសបេក្ខជនឈានដល់វគ្គផ្តាច់ព្រ័ត្រ ក្នុងកម្មវិធី «ប្រកួតសម្តែងលើកកម្ពស់សេវាកម្មអតិថិជន» លើកទី៥ ឆ្នាំ២០២០។

ផ្សារទំនើប អ៊ីអន ម៉ល តែងតែយកចិត្តទុកដាក់ទៅលើការផ្តល់សេវាកម្មទៅកាន់អតិថិជន ជាហេតុធ្វើឱ្យថ្នាក់ដឹកនាំរបស់ផ្សារទំនើប បានបង្កើតឡើងនូវកម្មវិធីដ៏មាន សារៈសំខាន់នេះកើតឡើង ក្នុងន័យបង្កើនចំណេះដឹង និងជំនាញទៅកាន់បុគ្គលិកនៅតាមបណ្តាហាងទាំងអស់ក្នុងផ្សារទំនើប ដើម្បីឈានទៅប្រកួតដណ្តើម យកជ័យលាភីបុគ្គលិកឆ្នើម ផ្នែកផ្តល់សេវាកម្មទៅកាន់អតិថិជន។

កម្មវិធីនេះបានឆ្លងកាត់២ដំណាក់កាលរួចមកហើយ ដោយដំណាក់កាលដំបូងគឺវគ្គបណ្តុះបណ្តាល ដែលបានប្រព្រឹត្តទៅនៅផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ និងផ្សារទំនើប អ៊ីអន ម៉ល សែនសុខស៊ីធី កាលពីថ្ងៃទី០១ រហូតដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅនេះ ជាមួយគ្រូបណ្តុះបណ្តាល និងជំនាញ ព្រមជាមួយនឹងការចូលរួមយ៉ាង ច្រើនកុះករ ពីសំណាក់បុគ្គលិកតាមបណ្តាហាងទាំងអស់។

លើសពីនេះទៅទៀតនៅដំណាក់កាលបន្ទាប់ បុគ្គលិកពីបណ្តាហាងនានា ក៏បានចុះឈ្មោះចូលរួមប្រកួតក្នុងវគ្គជម្រុះដើម្បីបង្ហាញពីសមត្ថភាពពិសេសផ្សេងៗគ្នារបស់ខ្លួន រួមបញ្ចូលជាមួយនឹងចំណេះដឹងពីវគ្គហ្វឹកហ្វឺនផងដែរ ដែលជាហេតុធ្វើឱ្យវគ្គប្រកួតជម្រុះបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរក្នុងរយៈពេល៤ថ្ងៃ ចាប់តាំងពីថ្ងៃទី០៦ ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០កន្លងមកនេះ។

នៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី«ប្រកួតសម្តែងលើកកម្ពស់សេវាកម្មអតិថិជន»លើកទី៥ ឆ្នាំ២០២០នេះ លោក ខុន សំណាង បុគ្គលិកផ្នែករដ្ឋបាលនៃផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី បានឱ្យដឹងថា តាមរយៈកម្មវិធីនេះពិតជាបានជួយពង្រឹងសមត្ថភាពរបស់បុគ្គលិកនៅតាមបណ្តាហាងទាំងអស់នៅក្នុងផ្សារទំនើប អ៊ីអន ម៉ល ទាំង២ សាខា បានយ៉ាងល្អប្រសើរ ដោយមុនពេលប្រកួតក៏មានអ្នកជំនាញផ្នែកសេវាអតិថិជន ដើម្បីជួយណែនាំ និងបង្រៀនដល់បុគ្គលិកទាំងអស់ផងដែរ បន្ទាប់មកទើបឈាន ដល់វគ្គជម្រុះ និងវគ្គផ្តាច់ព្រ័ត្រនេះ។

លោក ខុន សំណាង បន្តថា ក្នុងនាមខ្ញុំតំណាងឱ្យផ្សារទំនើប អ៊ីអន ម៉ល គឺពិតជាមានមោទនភាព និងភាពសប្បាយរីករាយខ្លាំងណាស់ ដោយពីមួយវគ្គទៅមួយវគ្គគឺទទួល បានកំណើននៃបេក្ខជន-បេក្ខនារី ដែលជាបុគ្គលិកពីបណ្តាហាងនៅក្នុងផ្សារទំនើប អ៊ីអន ម៉ល ទាំង២សាខា បានចូលកម្មវិធី ប្រកួតសម្តែងលើកកម្ពស់សេវាកម្មអតិថិជននេះ ហើយវាពិតជាមានអត្ថប្រយោជន៍ទាំងចំពោះបុគ្គលិកផ្ទាល់ ទាំងសម្រាប់អតិថិជនជាតិ និងអន្តរជាតិ ព្រោះថាសេវាកម្មអតិថិជនគឺមានសារសំខាន់ខ្លាំងណាស់។

សូមបញ្ជាក់ថា បេក្ខភាពដែលទទួលបានជ័យលាភី ចំនួន០៣រូប ទទួលបានរង្វាន់លើកទឹកចិត្ត ដូចជា ជ័យលាភីលេខ១ ទទួលបានទឹកប្រាក់ ១,០០០ដុល្លារ ទូរស័ព្ទដៃ IPhone11 ចំនួន០១គ្រឿង វិញ្ញាបនបត្រ និងពានរង្វាន់បុគ្គលិកឆ្នើម, ជ័យលាភីលេខ០២ ទទួលបានទឹកប្រាក់ចំនួន៥០០ដុល្លារ ទូរស័ព្ទដៃ IPhone 11 ចំនួន០១គ្រឿង វិញ្ញាបនបត្រ, ជ័យលាភីលេខ០៣ ទទួលបានទឹកប្រាក់ចំនួន៣០០ដុល្លារ ទូរស័ព្ទដៃ IPhone 11 ចំនួន០១គ្រឿង ព្រមជាមួយនឹងវិញ្ញាបនបត្រផងដែរ៕