(ភ្នំពេញ)៖ លោក លីម ហាក់ឃុន ប្រធានក្រុមហ៊ុនអចលនទ្រព្យ ឃី បានរំឮកអ្នកមានបំណងចង់វិនិយោគវិស័យអចលនទ្រព្យ ត្រូវមានចំណេះដឹងច្បាស់លាស់ផ្នែកហិរញ្ញវត្ថុ ដើម្បីចៀសវាងហានិភ័យថ្ងៃក្រោយ។ នេះបើតាមការបញ្ជាក់ក្នុងសិក្ខាសាលាស្ដីពីអចលនទ្រព្យ និងហិរញ្ញវត្ថុ នៅភោជនីយដ្ឋានមួយ នាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០។

អ្នកជំនាញខាងលើបានបញ្ជាក់ថា ការរៀបចំសិក្ខាសាលានេះ ក្នុងគោលបំណងចែករំលែកចំណេះដឹង និងបទពិសោធ ទាក់ទងនឹងអចលនទ្រព្យ និងហិរញ្ញវត្ថុ សម្រាប់អ្នកមានបំណងវិនិយោគលើវិស័យអចលនទ្រព្យ ។ ក្នុងនោះលោកបានសង្កត់ធ្ងន់លើចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដែលជាកត្ដាមួយដ៏សំខាន់ សម្រាប់ធ្វើដើមទុនក្នុងវិស័យ ដែលត្រូវការទំហំទឹកប្រាក់ច្រើន ហើយប្រើរយៈពេលវែងនេះ។

លោកថា «បើយើងមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ ខ្ញុំគិតថា ចំណេះដឹងនេះ គឺជាដើមទុន សម្រាប់យើងធ្វើការវិភាគ និងពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ មុនពេលយើងធ្វើការសម្រេចចិត្តវិនិយោគលើវិស័យអចលនទ្រព្យ ហើយដើម្បីថ្ងៃក្រោយ កុំឲ្យមានហានិភ័យកើតឡើង ឬស្ដាយក្រោយ បន្ទាប់ពីយើងធ្វើការវិនិយោគ។ អញ្ចឹងបើយើងមានការវិភាគច្បាស់លាស់ យើងនឹងធ្វើការវិនិយោគទៅដោយល្អប្រសើរ»

ទន្ទឹមជាមួយគ្នាលោក Michael Chen ប្រធានគម្រោងខុនដូ The Hexa បានបង្ហាញការគាំទ្រ ចំពោះសិក្ខាសាលាខាងលើ ដើម្បីចែករំលែកព័ត៌មានបន្ថែមលើវិស័យដ៏មានសក្ដានុពលមួយនេះ ពិសេសលោកបានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ ចំពោះឱកាសវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជាបច្ចុប្បន្ន ទោះបីពិភពលោកកំពុងមានវិបត្តិកូវីដ-១៩ ក៏ដោយ៕