(ភ្នំពេញ)៖ ទីបំផុតក្រុមវិសាខា បានបង្កើតកំណត់ត្រាលើកដំបូងរបស់ខ្លួន ក្លាយជាម្ចាស់ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៤ (ថ្នាក់ជាតិ) ឆ្នាំ២០២០ បន្ទាប់ពីយកឈ្នះក្រុមណាហ្គាវើលដ៏ ដោយលទ្ធផល ២-០ ក្នុងវគ្គផ្ដាច់ព្រ័ត្រដែលទើបបញ្ចប់ការប្រកួតមុននេះ នៅពហុកីឡដ្ឋានជាតិ។

ជំនួបដ៏ជក់ចិត្តនេះ វិសាខាបានបើកការនាំមុខគ្រាប់ទី១ នៅវគ្គទី១ ដោយខ្សែប្រយុទ្ធ កែវ សុខផេង នៅនាទី៤១។ ចូលវគ្គទី២ វិសាខា នៅតែព្យាយាមដាក់សម្ពាធលើគូប្រកួតរហូតបន្ថែមគ្រាប់នាំមុខ ២-០ នៅនាទី៥៧ ដោយខ្សែការពារ ឆេង ម៉េង ដែលជាគ្រាប់បាល់ជ័យជម្នះ និងជួយឲ្យក្រុមវិសាខា បើកទំព័រប្រវត្តិសាស្ដ្រលើកពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០។

នេះគឺលើកដំបូងហើយ ដែលវិសាខា បានគ្រងជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ដ្បិតកន្លងមក ក្រុមសេះជំទង់នេះ ពុំធ្លាប់លើកពានក្របខណ្ឌលីគកំពូលកម្ពុជា និងពានសម្ដេចតេជោនាយករដ្ឋមន្ដ្រីនេះឡើយ ។ អមជាមួយការគ្រងជើងឯកជាប្រវត្តិសាស្ដ្ររបស់ក្លិបនេះ វិសាខាបានទទួលពានដ៏ស្រស់ស្អាត ១គ្រឿង មេដាយមាស និងប្រាក់រង្វាន់ចំនួន ១០០លានរៀល។

ដោយឡែកក្រុមណាហ្គាវើលដ៏ បានជួបប្រវត្តិសាស្ដ្រច្រំដែលជាលើកទី៦ ដែលបរាជ័យក្នុងវគ្គដ៏សំខាន់ ពោលគឺក្នុងចំណោមប្រវត្តិឡើងវគ្គផ្ដាច់ព្រ័ត្រចំនួន ៧ដង ពួកគេឈ្នះពានតែម្ដងគត់ កាលពីឆ្នាំ២០១៣ ក្រៅពីនេះ ក្រុមនាគមាសនេះ ទទួលបានត្រឹមជើងឯករងប៉ុណ្ណោះ។ យ៉ាងណាមិញតំណែងជើងឯករងឆ្នាំនេះ ណាហ្គាវើលដ៏ ក៏បានទទួលមេដាយប្រាក់ និងប្រាក់រង្វាន់ ៦០លានរៀលផងដែរ។

ចំពោះពិធីប្រគល់រង្វាន់ជយលាភីនេះ បានធ្វើឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា, លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។

ក្នុងដំណេីរការប្រកួតនេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានឧបត្ថម្ភទឹកប្រាក់ ៥ម៉ឺនដុល្លារដល់ CNCC ផងដែរ៕