(ភ្នំពេញ)៖ ធនាគារ រួយ លី (ខេមបូឌា) ម.ក (Rui Li (Cambodia) Bank PLC) ដែលត្រូវបានបង្កើតឡើងដោយ ក្រុមហ៊ុន យូណាន ជីងចេង បានបើកសម្ពោធជាផ្លូវការ ក្រោមអធិបតីភាព លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ពិធីសម្ពោធនេះ បានប្រារព្ធធ្វើនៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលមានការចូលរួមជាភ្ញៀវកិត្តិយសពីគណប្រតិភូរាជរដ្ឋាភិបាល លោក DONG LE CHENG ស្ថាបនិកក្រុមហ៊ុន យូណាន ជីងចេង (Yunnan Jingcheng Group) និងភរិយា លោកស្រី CHEN QIN, កញ្ញា DONG SHI JIA អគ្គនាយករង ក្រុមហ៊ុន យូណាន ជីងចេង និងដៃគូអាជីវកម្មគ្រប់មជ្ឈដ្ឋានផងដែរ។

ក្រោមទស្សនវិស័យដ៏ភ្លឺស្វាងរវាងចិន និងកម្ពុជា ដែលបន្តជំរុញផែនការសហប្រតិបត្តិការលើគម្រោង «ផ្លូវមួយ ខ្សែក្រវាត់មួយ» ក្រុមហ៊ុន យូណាន ជីងចេង បានពង្រីកវិសាលភាពនៃឧស្សាហកម្ម ក៏ដូចជាអភិវឌ្ឍសក្តានុពលរបស់ខ្លួន ដោយកាលពីខែតុលា ឆ្នាំ២០១៨ ក្រុមហ៊ុនបានចាប់ផ្តើមវិនិយោគបង្កើតធនាគារ រួយ លី (ខេមបូឌា) ម.ក ដោយបានទទួលការយល់ព្រមជាគោលការណ៍ពីធនាគារជាតិនៃកម្ពុជា និងបានស្ថាបនាទីតាំងអាជីវកម្ម អភិវឌ្ឍប្រព័ន្ធគ្រប់គ្រងរបស់ធនាគារ ក៏ដូចជាទិញឧបករណ៍ ព្រមទាំងជ្រើសរើសបុគ្គលិក និងបណ្តុះបណ្តាលជាបន្តបន្ទាប់។

ក្នុងអំឡុងពេលនៃការរៀបចំនេះ ក្រុមហ៊ុនបានទទួលការគាំទ្រយ៉ាងពេញទំហឹង ទាំងការណែនាំ និងការជ្រោមជ្រែងពី មន្ដ្រីថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងធនាគារជាតិនៃកម្ពុជា។ កាលពីខែចុងខែតុលា ឆ្នាំ២០២០នេះកន្លងទៅ ក្រុមហ៊ុនបានទទួលអាជ្ញាប័ណ្ណប្រតិបត្តិការធនាគារពាណិជ្ជកម្ម ដែលចេញដោយធនាគារជាតិនៃកម្ពុជា ហើយបានបើកដំណើរការជាផ្លូវការនៅថ្ងៃទី៧វិច្ឆិកានេះ។

ទីស្នាក់ការកណ្តាលរបស់ធនាគារ រួយ លី (ខេមបូឌា) ម.ក មានទីតាំងស្ថិតនៅផ្ទះលេខ ២៩៦ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់កាកាបទីមួយ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប្រភេទសេវាកម្មរួមមានទទួលប្រាក់បញ្ញើជាសាធារណៈ សេវាឥណទាន សេវាប្តូររូបិយប័ណ្ណ សេវាទូទាត់ និងប្រតិបត្តិការរូបិយប័ណ្ណក្នុងស្រុក និងបរទេសជាដើម។

ធនាគារក៏គ្រោងនឹងបើកសាខាបន្ថែមទៀតនៅរាជធានីភ្នំពេញ និងនៅខេត្តព្រះសីហនុនាឆ្នាំក្រោយផងដែរ។ បច្ចុប្បន្ននេះ ធនាគារ រួយ លី (ខេមបូឌា) ម.ក បានប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង (Core System) ដែលមានភាពជឿនលឿនរបស់ប្រទេសចិន ដើម្បីផ្ដល់ភាពងាយស្រួល និងធានាសុវត្ថិភាពប្រតិបត្តិការជូនអតិថិជន។
ដើម្បីធានាសុវត្ថិភាពលើប្រព័ន្ធប្រតិបត្តិការរបស់ធនាគារ ក៏ដូចជាសុវត្ថិភាពទឹកប្រាក់ និងព័ត៌មានរបស់អតិថិជន ធនាគារបានជ្រើសគ្រឿងបរិក្ខារម៉ាកយីហោជួរមុខ ដូចជា៖ Huawei, NSFOCUS និង360ជាដើម ហើយក្រុមការងារប្រកបដោយវិជ្ជាជីវៈរបស់ធនាគារ នឹងផ្តល់ជូនសហគ្រាស និងបុគ្គលគ្រប់រូបនូវសេវាកម្មហិរញ្ញវត្ថុដែលមានគុណភាពល្អ ប្រសិទ្ធភាពខ្ពស់ និងទូលំទូលាយ។

លើសពីនោះ បើតាមការបញ្ជាក់របស់ ធនាគារ រួយ លី (ខេមបូឌា) ម.ក គឺបានប្រកាន់ខ្ជាប់នូវទស្សនៈអាជីវកម្មគឺ «គុណភាព និរន្តរភាព និងបច្ចេកវិទ្យា» ដោយកំណត់យក «ប្រតិបត្តិការប្រកបដោយស្ថេរភាព ការអភិវឌ្ឍបែបវិទ្យាសាស្ត្រ និងការគ្រប់គ្រងប្រកបដោយស្តង់ដារ»។

ធនាគារនេះ បានប្រើប្រាស់ទម្រង់គ្រប់គ្រងបែបជឿនលឿននៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុ ឲ្យសមស្របជាមួយតម្រូវការទីផ្សារនៅកម្ពុជា ដោយនាំយកអាជីវកម្មបែបប្រពៃណី បូកបញ្ចូលនូវជាមួយបច្ចេកវិទ្យាអ៊ីនធឺណេត ដើម្បីទទួលបានការអភិវឌ្ឍសេវាកម្មប្រកបដោយភាពច្នៃប្រឌិត និងផ្តល់ជូនអតិថិជននូវសេវាកម្មហិរញ្ញវត្ថុដ៏សំបូរបែប ងាយស្រួល និងក្បែរខ្លួនជានិច្ច ព្រមទាំងខិតខំអភិវឌ្ឍទៅជាធនាគារពាណិជ្ជកម្ម ប្រកបដោយបច្ចេកវិទ្យាឆ្លាតវៃមួយនៅកម្ពុជា៕