(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា នឹងរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២០ ដោយរួមបញ្ចូលគ្នាតាមរយៈយន្តការសំខាន់ពីរគឺ ការរើសបុគ្គលិក និងរកការងារអនឡាញ ព្រមទាំងការរៀបចំតាំងបង្ហាញដោយក្រុមហ៊ុន ធំៗផ្ទាល់ រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១៤-១៥ ខែវិច្ឆិកា ខាងមុខនេះ នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជជីវៈ ដើម្បីឆ្លើយតបទៅនឹងវិធានការរក្សាគម្លាតសង្គម និងបង្ការសុវត្ថិភាព ពីការរីករាលដាលនៃកូវីដ-១៩។

គោលបំណង នៃការរៀបចំពិព័រណ៍នេះ គឺការរួមចំណែកគាំទ្រដល់ភាគីពាក់ព័ន្ធ ក្នុងទីផ្សារការងារពិសេសនិយោជកដែលកំពុងមានសំទុះតម្រូវការកម្លាំងពលកម្មងើបឡើងវិញ ទោះបីរងការគំរាម កំហែងដោយកូវីដ-១៩ ក្តី។ NEA បង្កើនការយកចិត្តទុកដាក់ខ្ពស់លើវិធានការអនាម័យ និងសុខភាពស្របតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល។

ពិព័រណ៍ការងារអនឡាន នឹងដើរតួនាទីជាអន្តរការីយ៉ាងសកម្មក្នុងរក្សាតុល្យភាពការងារនៅក្នុងទីផ្សារការងារកម្ពុជាបច្ចុប្បន្ន ដោយផ្តល់នូវជម្រើសងាយស្រួលពីរ៖

*ទី១៖ និយោជក និងអ្នកស្វែងរកការងារ អាចដាក់ពាក្យតាមប្រព័ន្ធអនឡានដោយចូលទៅកាន់គេហទំព័រពិព័រណ៍ការងារឈ្មោះ www.careerfair.nea.gov.kh ដើម្បីមើលព័ត៌មានជ្រើសរើសបុគ្គលិក ស្វែងយល់អំពីក្រុមហ៊ុនធំៗដែលតាំងបង្ហាញ និងដាក់ពាក្យផ្ទាល់នៅលើវេបសាយនោះតែម្តង។
*ទី២៖ សាធារណជន និងភាគីពាក់ព័ន្ធអាចមកទស្សនា និងជួបក្រុមហ៊ុនផ្ទាល់ និងដាក់ពាក្យស្វែងរកការងារនៅក្នុងបរិវេណ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រយៈពេល២ថ្ងៃ។

សម្រាប់សិស្ស/និស្សិត និងអ្នកដែលកំពុងស្វែងរកការងារធ្វើ សូមចូលរួមឲ្យបានច្រើនកុះករ ក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២០នេះ និងកុំភ្លេចត្រៀមប្រវត្តិរូបសង្ខេប (CV) មកដាក់ពាក្យ សម្ភាសផ្ទាល់ជាមួយក្រុមហ៊ុនធំៗ តាមអនឡាញ និងនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមថា និយោជក និងអ្នកស្វែងរកការងារ បន្តគាំទ្រ និងទទួលបានអត្ថប្រយោជន៍ពីពិព័រណ៍ការងារនេះ ស្របពេលយើងទាំងអស់គ្នាត្រូវចូលរួមយ៉ាងសកម្មក្នុងការជំរុញ ដំណើរការទីផ្សារការងារឲ្យប្រព្រឹត្តិទៅដោយ រលូន រក្សាសុខភាព អនាម័យ និងបង្ការកូវីដ-១៩។ «យើងទាំងអស់គ្នា រើសបុគ្គលិក រកការងារ និងបង្ការការឆ្លងកូវីដ-១៩»។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ 017 467 423 / 017 871 807 / 096 2155 162 ឬ www.careerfair.nea.gov.kh