(ប៊ែកឡាំង)៖ កីឡាករខ្សែបម្រើប្រយុទ្ធ Joshua Kimmich នឹងខកខានលេងឲ្យក្លិបខ្លារខិន Bayern Munich រហូតដល់ខែមករា ឆ្នាំ២០២១ ដោយសារតែបញ្ហារបួសជង្គង់ធ្ងន់ធ្ងរ ត្រូវបានវះកាត់ផងដែរ។
តាមរយៈព័ត៌មានពី BBC បានចេញផ្សាយថា ខ្សែបម្រើដែលចូលលេងក្នុងជម្រើសជាតិអាល្លឺម៉ង់បាន ៥០ប្រកួតខាងលើនេះ នឹងត្រូវសម្រាកព្យាបាលរបួសជង្គង់ដល់ខែមករាឆ្នាំក្រោយ បន្ទាប់ពីរូបគេត្រូវបានប្តូរចេញនៅនាទី៣៦ បន្ទាប់ពីប៉ះទង្គិចជាមួយ Erling Haaland នៅអំឡុងប្រកួតដែល Bayern យកឈ្នះ Borussia Dortmund ៣-២ កាលពីរាត្រីថ្ងៃសៅរ៍ ក្នុងព្រឹត្តិការណ៍ Bundesliga។
កីឡាករវ័យក្មេងអាល្លឺម៉ង់ Kimmich បានទទួលការវះកាត់ដោយជោគជ័យនៅថ្ងៃអាទិត្យម្សិលមិញនេះពីបញ្ហារបួសជង្គង់ខាងស្តាំរបស់គេ។
Kimmich នឹងអវត្តមានពេលក្រុមឥន្រ្ទីដែកអាល្លឹម៉ង់ប្រកួតមិត្តភាពទល់នឹងសាធារណរដ្ឋឆេក និងពាន Nations League ទល់នឹងអ៊ុយក្រែន និងអេស្ប៉ាញក្នុងខែវិច្ឆិកា ឆ្នាំ២០២០ នេះ។ តែយ៉ាងណារូបគេក៏បានជួយឲ្យក្រុមការពារតំ ណែងជើងឯក Bayern Munich វិលទៅកំពូលតារាងវិញដែរ ក្រោយយកបាន ៣ពិន្ទុពីម្ចាស់ផ្ទះ Borussia Dortmund៕