(ភ្នំពេញ)៖ ទីបំផុតក្រុមភ្នំពេញក្រោន បានបំបែកកំណត់ត្រាមិនស្គាល់ចាញ់របស់ក្រុមបាល់ទាត់នារីកំពង់ស្ពឺ-ណាហ្គាវើលដ៏បានហើយ ក្រោយយកឈ្នះក្នុងដីដោយបច្ចេកទេស ១-០ នៅកីឡដ្ឋាន RSN កាលពីចុងសប្ដាហ៍កន្លងទៅ ស្របពេលក្រុមព្រះខ័នរាជស្វាយរៀង បានលត់ក្រុមបឹងកេតយ៉ាងចាស់ដៃ ១០-០ ក្នុងការប្រកួតក្របខណ្ឌលីគនារីកម្ពុជា សប្ដាហ៍ទី៦ នៅថ្ងៃអាទិត្យ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០។

ជំនួបរវាងក្រុមឈរលេខ១ និងលេខ២ បណ្ដោះអាសន្នខាងលើ បញ្ចប់ដោយភាពតានតឹងបំផុត ដោយវគ្គទី១ ក្រុមទាំងពីរ មិនអាចបំប៉ោងសំណាញ់ទីគ្នាបានឡើយ។ លុះចូលវគ្គទី២ កីឡាការិនី គៀត ស៊ីវហ័ង ក៏បានស៊ុតគ្រាប់បាល់នាំមុខ ១គ្រាប់ឲ្យក្រុមភ្នំពេញក្រោន នៅនាទី៥២ ហើយក៏ជាគ្រាប់ជ័យជម្នះក្នុងការប្រកួតនេះដែរ បន្ទាប់ពីកំពង់ស្ពឺ-ណាហ្គាវើលដ៏ ព្យាយាមវាយបក តែមិនបានសម្រេច។

នេះគឺជាលើកដំបូងហើយដែលកំពង់ស្ពឺ-ណាហ្គាវើលដ៏ ស្គាល់ពាក្យចាញ់ តែពួកគេនៅតែបន្ដឈរកំពូលតារាង និងមាន ១៥ពិន្ទុ ក្រោយឆ្លងកាត់ ៦ប្រកួត ឈ្នះ៥ និងចាញ់១ ស្របពេលក្រុមបាល់ទាត់នារីភ្នំពេញក្រោន នៅតែបន្ដឈរលេខរៀងទី២ និងមាន ១៤ពិន្ទុតាមពីក្រោយ ១ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ៦ប្រកួតដូចគ្នា ឈ្នះ៤ និងស្មើ២ប្រកួត។

ចំណែកក្រុមបាល់ទាត់នារីព្រះខ័នរាជស្វាយរៀង បានរកឃើញជ័យជម្នះលើកទី៤ របស់ខ្លួន ដោយយកឈ្នះក្រុមភ្ញៀវបឹងកេត ១០-០ នៅកីឡដ្ឋានខេត្តស្វាយរៀង។ ជ័យជម្នះនេះបានធ្វើឲ្យស្វាយរៀង បន្ដឈរលេខ៤ និងមាន ១៣ពិន្ទុស្មើគ្នាជាមួយក្រុមបាល់ទាត់នារីខេត្តបាត់ដំបងដែរ បន្ទាប់ពីបាត់ដំបង បានយកឈ្នះក្រុមភ្ញៀវខេត្តកណ្ដាល ដោយលទ្ធផល ៥-០។

ដោយឡែកលទ្ធផលលីគបាល់ទាត់នារី ២គូផ្សេងទៀត រួមមានខេត្តកំពង់ឆ្នាំង បានយកឈ្នះក្រុមភ្ញៀវខេត្តកំពង់ធំ ៨-០ និងខេត្តសៀមរាប បានយកឈ្នះក្រុមបាតតារាងកងយោធពលខេមរភូមិន្ទ ដោយលទ្ធផល ៤-០៕