(កូរ៉េ)៖ ជាថ្មីម្តងទៀត ក្រុមចម្រៀង K-POP ល្បីឈ្មោះបោះសំឡេងគឺ BTS បានឈ្នះពានរង្វាន់ចំនួន៤ ពីព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ដ៏ធំរបស់ MTV គឺ «Europe Music Awards» ដែលធ្វើឡើងកាលពីថ្ងៃអាទិត្យថ្មីៗនេះ។ BTS បានឈ្នះពាន «បទចម្រៀងល្អបំផុត» និង ពានរង្វាន់ «ក្រុមចម្រៀងល្អបំផុត» ព្រមទាំងពានរង្វាន់ពីរផ្សេងទៀត។ ការទទួលបាននេះ ក្រោយពី BTS មានសកម្មភាពយ៉ាងខ្លាំង នៅលើវិស័យចម្រៀងរបស់ពិភពលោក តាមរយៈចម្រៀងរបស់ពួកគេ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០។

ការទទួលបានពានរង្វាន់យ៉ាងច្រើននៅពេលនេះ បន្ទាប់ពីគេដឹងថា បទចម្រៀងជាភាសាអង់គ្លេសរបស់ពួកគេ គឺ «Dynamite» មានសន្ទុះគាំទ្រពេញពិភពលោក រហូតឡើងទៅឈរនៅលេខរៀងទី១ លើតារាង Billboard Hot 100 របស់អាមេរិក។

ក្រៅពីទទួលបានពានរង្វាន់ «បទចម្រៀងល្អបំផុត» និង ពានរង្វាន់ «ក្រុមចម្រៀងល្អបំផុត» ក្នុងនោះក៏ទទួលបានពានរង្វាន់ «ការសម្តែងផ្ទាល់ល្អបំផុត» និងពានរង្វាន់ «មានអ្នកគាំទ្រច្រើនបំផុត» ផងដែរ ត្បិតបច្ចុប្បន្នពិភពលោកកំពុងប្រទះជាមួយជំងឺកូវីត១៩ក្តី តែក្រុមនេះនៅតែទទួលបានជោគជ័យខ្លាំង។

គួរជម្រាបថា នេះជាលើកទី៣ហើយ ដែលក្រុម K-POP បុរស BTS បានឈ្នះពានរង្វាន់នៅក្នុងព្រឹត្តការណ៍នេះ។ កាលពីឆ្នាំ២០១៨ BTS បានឈ្នះពានរង្វាន់ «ក្រុមចម្រៀងល្អបំផុត» និង «ក្រុមចម្រៀងមានអ្នកគាំទ្រច្រើនបំផុត» ខណៈនៅឆ្នាំ២០១៩ ពួកគេបានឈ្នះពានរង្វាន់ «ក្រុមចម្រៀងល្អបំផុត» និង ពានរង្វាន់ «ក្រុមចម្រៀងមានអ្នកគាំទ្រច្រើនបំផុត» និងពានរង្វាន់ «ក្រុមចម្រៀងផ្សាយផ្ទាល់ល្អបំផុត» ផងដែរ៕