(ភ្នំពេញ)៖ ការប្រកួតកីឡាប៉េតង់ដណ្ដើមពានរង្វាន់ «គរុគុណ» លើកទី១ ឆ្នាំ២០២០ ដែលជាការប្រកួតដើម្បីរម្លឹកគុណស្ថាបនិកសហព័ន្ធមានសម្ដេចក្រឡាហោម ស ខេង ប្រធានកិត្តិយសសហព័ន្ធ និងសម្ដេចវិបុលបញ្ញា សុខ អាន អតីតប្រធានសហព័ន្ធបានបញ្ចប់ហើយ ដោយក្លិបទីស្ដីការគណៈរដ្ឋមន្ដ្រី បានគ្រងជើងឯកពានធំ អមមេដាយសរុប ៥គ្រឿង។

ឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី០៦-០៨ ខែវិច្ឆិកាម្សិលមិញ នៅពហុកីឡដ្ឋានជាតិ ក្លិបទីស្ដីការគណៈរដ្ឋមន្ដ្រី ឈ្នះមេដាយច្រើនជាងគេ រួមមានមេដាយមាស៤ និងសំរឹទ្ធ១ ពិសេសគឺការគ្រងជើងឯកពានធំ ដោយវិញ្ញាសា ៣នាក់ ទល់ ៣នាក់បុរស ទីស្ដីការគណៈរដ្ឋមន្ដ្រីបានយកឈ្នះក្រសួងមហាផ្ទៃ ១៣-០ពិន្ទុ ខណៈផ្នែកនារី ទីស្ដីការគណៈរដ្ឋមន្ដ្រី បានយកឈ្នះយោធិភូមិភាគពិសេស ១៣-៦ពិន្ទុ ក្នុងវគ្គផ្ដាច់ព្រ័ត្រ។

ដោយឡែកក្លិបក្រសួងមហាផ្ទៃបានឈរលេខរៀងទី២ ដោយដណ្ដើមបានមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ២ តាមពីក្រោយដោយសមាគមកីឡាប៊ូល និងប៉េតង់ខេត្តកណ្ដាល និងក្លិបកីឡាប៊ូល និងប៉េតង់មន្ទីរអប់រំ យុវជន និងកីឡាខេត្ដស្វាយរៀង ដែលដណ្ដើមបានមេដាយមាស ១គ្រឿងស្មើគ្នា។ ចំណែកក្រុមខ្លាំងក្រសួងការពារជាតិ ដែលតែងឈ្នះពានធំជារឿយៗក្នុងពានរង្វាន់ «គរុគុណ» នេះ គឺដណ្ដើមបានតែមេដាយប្រាក់២ និងសំរឹទ្ធ២ ប៉ុណ្ណោះ។

គួរបញ្ជាក់ថា ពិធីការប្រកួតកីឡាប៊ូល និងប៉េតង់ពានរង្វាន់ «គរុគុណ» លើកទី១ ឆ្នាំ២០២០ បានធ្វើឡើងក្រោមវត្តមានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ព្រមទាំងមន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសាលារាជធានីភ្នំពេញផងដែរ៕