(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងលែងទទួលបានការលើកលែងពិសេសទៀតហើយ នៅលើបណ្តាញសង្គម Twitter នៅពេលដែលប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ចូ បៃដិន ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកទី៤៦ ជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០។

អ្នកនាំពាក្យ Twitter បានបញ្ជាក់ថា ការបង្ហោះសារមួយចំនួនដែលល្មើសគោលការណ៍របស់ Twitter ពីសំណាក់គណនីរបស់មេដឹកនាំពិភពលោកបច្ចុប្បន្ន គឺត្រូវរឹតត្បិតប៉ុន្តែមិនលុបចោលតែម្តងឡើយ។ ចំណែកសម្រាប់អតីតមេដឹកនាំពិភពលោកវិញ គឺមិនទទួលបានការលើកលែងពិសេសនេះឡើយ ពោលគឺពុំខុសអ្វីពីពលរដ្ឋទូទៅនោះទេ។

គួរជម្រាបថា ជ័យជម្នះកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុនរបស់លោក ចូ បៃដិន នៅរដ្ឋ Pennsylvania បានជួយឲ្យរូបលោកទទួលបានចំនួន អ្នកបោះឆ្នោតតំណាងសរុបលើស២៧០នាក់ ដែលជាចំនួនចាំបាច់ដើម្បីអាចជាប់ជាប្រធានាធិបតី។ យ៉ាងណាមិញ ប្រធានាធិបតីកំពុងកាន់អំណាចគឺ លោក ដូណាល់ ត្រាំ មិនព្រមទទួលស្គាល់ជ័យជម្នះរបស់លោក បៃដិន ឡើយ ដោយប្តេជ្ញាថានឹងតតាំងលទ្ធផលបោះឆ្នោតនៅតុលាការ៕