(ភ្នំពេញ)៖ ផលិតករភាពយន្តជើងចាស់ល្បីឈ្មោះ អ្នកស្រី ពាន់ ភួងបុប្ផា បានចេញមុខបំភ្លឺភ្លាម បន្ទាប់ពីបណ្តាអ្នកគាំទ្រលើបណ្តាញសង្គមហ្វេសប៊ុក ហាក់មានការយល់ច្រឡំចំពោះការបកស្រាយរបស់លោកស្រីកន្លងមក អំពីមូលហេតុដែលអ្នកស្រី សម្រេចមិនយកតារាសម្តែងចាស់វស្សាវអ្នកនាង សឿ សុធារ៉ា មកសម្តែងជាថ្មី ក្នុងរឿង «ស្នាមស្មេហ៍សមុទ្ររាម» វគ្គពីរ។

ក្នុងបណ្តាញសង្គមផ្លូវការរបស់ផលិតករពាន់ ភួងបុប្ផា បានសរសេរសារយ៉ាងដូច្នេះថា «ខ្ញុំសូមបំភ្លឺចំពោះពាក្យសំដី ដែល Fresh News យកមកធ្វើជាចំណងជើងអត្ថបទ នោះគឺជាការដកស្រង់មិនអស់សំដី ធ្វើឲ្យមានការយល់ច្រឡំអំពីសំណួរដែលសួរខ្ញុំថា ហេតុអ្វីមិនយកតួសម្តែងអ្នកនាង សឿ សុធារ៉ា មកសម្តែងតួនាងរាមវិញ?»

អ្នកស្រី ពាន់ ភួងបុប្ផា បានបន្ថែមថា «ខ្ញុំបានឆ្លើយថា រឿងស្នាមស្នេហ៍សមុទ្ររាម មុនគឺយើងថត១៧ឆ្នាំកន្លងមកហើយ ដូច្នេះតួសម្តែងមុន គាត់មិននៅក្មេងដូចមុនទៀតទេ គាត់មានប្តីមានកូនហើយ នេះជាការពិត ព្រោះអត្ថបទភាពយន្តបានសរសេរពីនាងរាម គឺមានអាយុ១៦-១៧ឆ្នាំតែប៉ុណ្ណោះ»

ជាការកត់សម្គាល់ ការចេញមុខមកបំភ្លឺបែបនេះ ពីសំណាក់ផលិតករភាពយន្តអ្នកស្រី ពាន់ ភួងបុប្ផា បន្ទាប់ពីបណ្តាញសារព័ត៌មាន Fresh News Plus បានចុះផ្សាយអត្ថបទមួយ ដោយដកស្រង់សំដីរបស់លោកស្រី ក្នុងថ្ងៃបើកសម្ពោធក្រុងពាលីរឿង «ស្នាមស្នេហ៍សមុទ្ររាម» វគ្គ២ និងដាក់ចំណងជើងថា «តារាសម្តែង សឿ សុធារ៉ា អស់ភាពក្រមុំ ទើបមិនអាចជ្រើសយកឲ្យសម្តែងជាតួឯករឿង ស្នាមស្នេហ៍សមុទ្ររាម វគ្គ២បាន»។

ខណេៈក្នុងអត្ថបទ Fresh News Plus បានស្រង់ពាក្យសំដីទាំងស្រុងរបស់លោកស្រី ពាន់ ភួងបុប្ភា ថា «១៧ឆ្នាំមុន និង១៧ឆ្នាំនេះ គាត់ (សឿ សុធារ៉ា) មិនអាចដើរតួបានទៀតទេ គាត់អស់ភាពក្រមុំហើយ រឿងហ្នឹងងាយយល់ទេ..! ព្រោះមិនអាចយកតួដដែលៗមកសម្ដែងបានទេ។ ពី១៧ឆ្នាំមុនគាត់អាចកែសម្ផស្ស គាត់កែកុនច្រើនហើយ មិនអាចដូចមុនទេ ហើយក៏មិនមែនរំលង៣ទៅ៤ឆ្នាំនោះដែរ...។ ទោះជាកុនគេនៅប្រទេសចិន ក៏គេដូរតួដែរ... រឿងអ៊ូខុង ក៏គេដូរតួថ្មីអស់ដែរ..!។ យើងអត់ចង់យកតួពីមុនមកសម្ដែងក្នុងវគ្គថ្មី ទៀតទេ ព្រោះអារម្មណ៍ និងមនោសញ្ចេតនា គឺថ្មី ហើយម្នាក់ៗ (តួអង្គចាស់) មានប្ដី មានប្រពន្ធ មានកូន គ្មានពេលវេលាគ្រប់គ្រាន់សម្រាប់យើងទេ ហើយយើងក៏មិនអាចនៅងាប់ក្រឡា ជាមួយនឹងរបស់ចាស់ហ្នឹងបានដែរ..! គេគិតអ្នកថ្មីល្អជាង ដោយសារពួកគេ នៅខ្លួនមួយ គេមានពេលគ្រប់គ្រាន់សម្រាប់ថតឲ្យយើង..!»

តារាសម្ដែងល្បីឈ្មោះអ្នកនាង សឿ សុធារ៉ា ដែលបានធ្វើឲ្យរឿងនេះ ទទួលបានការគាំទ្រច្រើន កាលពី១៧ឆ្នាំមុន ហើយបែរជាត្រូវរបូតតំណែងនៅពេលផលិតឡើងវិញជាថ្មី ក្នុងវគ្គទី២នេះ ត្រូវបានអ្នកស្រី ពាន់ ភួងបុប្ផា ជាផលិតករ និងជាអ្នកដឹកនាំសម្ដែងផ្ទាល់ បញ្ជាក់ថា ដោយសារតែតួអង្គកាលពីមុន មានគ្រួសារ មានប្ដីប្រពន្ធ មានកូន សម្រស់មិនដូចមុន និងគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់ថត ទើបគ្មានជម្រើសសម្រាប់រឿងថ្មីវគ្គទី២នេះឡើយ។

យ៉ាងណាមិញ សម្រាប់ រឿង «ស្នាមស្នេហ៍សមុទ្ររាម» វគ្គទី២ មានការចូលរួមសម្ដែងដោយតារាល្បីៗ រួមមានកញ្ញា សំណាង អេលីណា (បវរកញ្ញាចក្រវាល ឆ្នាំ២០១៩ ) សម្តែងជាតួឯកស្រី, លោក ខាត់ វ៉ៃ ហាំង (តួឯកប្រុស ) , កញ្ញា អឿន រ៉ូហ្សា (តួឯកស្រី) , លោក ពៅ ពិសិដ្ឋ (តួឯកប្រុស), លោក រីមន្ត រិទ្ធ, អ្នកនាង សំ ម៉ាណា, កញ្ញា វី យ៉ាដា, ម៉ុង ប៊ុន ណូរ៉ា, លោក ខេម, កញ្ញា នីតា វរវង្ស និងតារាល្បីៗជាច្រើនដួងទៀត៕