(សេអ៊ូល)៖ ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូង Samsung ត្រូវប្រភពមួយចំនួនបង្ហើបឲ្យដឹងថា អាចនឹងចេញស្មាតហ្វូន Galaxy S ស៊េរីថ្មី មុនការរំពឹងទុកប្រហែលជាងមួយខែ ដើម្បីព្យាយាមឆក់យកចំណែកទីផ្សារពីក្រុមហ៊ុនចិន Huawei និងទប់ទល់ការប្រកួតប្រជែងពីសំណាក់ក្រុមហ៊ុនផលិតស្មាតហ្វូនល្បីៗដទៃទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រុមហ៊ុន Samsung ត្រូវគេអះអាងថា កំពុងត្រៀមលក្ខណៈបញ្ចេញទូរស័ព្ទដៃ Galaxy S21 ដែលអាចប្រព្រឹត្តទៅនៅចុងខែមករា ឆ្នាំ២០២១ ខណៈនៅឆ្នាំនេះ Samsung បានចេញ Galaxy S20 ក្នុងខែមីនាឯណោះទេ។ កាលពីត្រីមាសទី២នៃឆ្នាំនេះ ក្រុមហ៊ុន Huawei បានដណ្តើមយកតំណែងលេខមួយនៃការលក់ស្មាតហ្វូនពី Samsung ប៉ុន្តែវាបានរបូតទៅ Samsung វិញនៅត្រីមាសទី៣ ដោយសារមូលហេតុមួយផ្នែក គឺការរឹតត្បិតពីសំណាក់សហរដ្ឋអាមេរិកលើ Huawei។

គួរជម្រាបថា ជាមួយគ្នានេះ Samsung ក៏កំពុងប្រឈមការប្រកួតប្រជែងកាន់តែខ្លាំងពីសំណាក់ក្រុមហ៊ុនចិនដទៃទៀតដូចជា Xiaomi និង Oppo ផងដែរ។ ចំណែកក្រុមហ៊ុន Apple វិញ គឺទើបតែបញ្ចេញក្រុម iPhone ជំនាន់ថ្មីរបស់ខ្លួនគឺក្រុម iPhone 12 កាលពីខែតុលាកន្លងមកនេះ៕