(មេនឆេស្ទើ)៖ ៣ពិន្ទុដ៏សំខាន់របស់ Liverpool ដើម្បីឡើងទៅឈរនៅកំពូលតារាង Premier League វិញ ត្រូវបានរលាយ នៅពេលបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ទល់នឹងម្ចាស់ផ្ទះ Manchester City នៅកីឡដ្ឋាន Etihad នារាត្រីថ្ងៃអាទិត្យ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០។

កីឡាករខ្សែប្រយុទ្ធ Mohamed Salah ជាអ្នករកបានគ្រាប់បើកឆាកដោយបាល់ ១១ម៉ែត្រនៅនាទី១៣ មុនពេល Gabriel Jesus ដែលទើបជាពីរបួសស៊ុតគ្រាប់តាមស្មើវិញនៅនាទី៣១ ក្រោយទទួលបានពី Kevin de Bruyne រហូតដល់ចប់ការប្រកួតពេញម៉ោង ៩០នាទី ក្នុងសប្តាហ៍ទី៨ ជើងទី១ នៅ Premier League។

តែយ៉ាងណា ការទទួលបានត្រឹម ១ពិន្ទុនៅទឹកដីក្រៅផ្ទះ ក៏ធ្វើឲ្យក្រុមការពារតំណែងជើងឯក Liverpool ឈរនៅលេខ៣ ជាបណ្តោះអាសន្នជាមួយ ១៧ពិន្ទុស្មើក្រុមលេខ២ Tottenham Hotspur តាមពីក្រោយក្រុមកំពូលតា រាង Leicester City ត្រឹម ១ពិន្ទុប៉ុណ្ណោះ។

ក្នុងជំនួបខ្លាំងប៉ះខ្លាំងប្រចាំសប្តាហ៍ទី៨ នៅលីគកំពូលអង់គ្លេសនោះដែរ ខ្សែបម្រើឆ្នើមប្រចាំឆ្នាំ Kevin de Bruyne បានខកខានឱកាសមាស ដែលទាត់បាល់ប៉េណាល់ទីអត់ចូលនៅនាទី៤២ ក្នុងការរកបានគ្រាប់ទាត់ស្រួលៗបែបនេះឲ្យ Man City ជាលើកទី៦ បន្ទាប់ពីខកខានតាំងពីទាត់អត់ចូលដូចគ្នាកាលលេងទល់នឹង Everton នាខែតុលា ឆ្នាំ២០១៦ ដោយរកបាន ៥គ្រាប់មកហើយ៕