(ប៉េកាំង)៖ ក្រុមហ៊ុនចិន Xiaomi បានវ៉ាដាច់ក្រុមហ៊ុនអាមេរិក Apple ជាលើកដំបូង ដោយក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនធំជាងគេទី៣ នៅលើពិភពលោក បើគិតពីចំនួនទូរស័ព្ទដែលត្រូវបានលក់ចេញក្នុងត្រីមាសទី៣ នៃឆ្នាំ២០២០។ នេះបើតាមការដកស្រង់ការផ្សាយពី សារព័ត៌មាន Financial Times នៅថ្ងៃចន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រុមហ៊ុនឯកទេសខាងផ្តល់ទិន្នន័យទីផ្សារស្មាតហ្វូនចំនួន៣ រួមមាន Canalys, IDC និង Counterpoint Research បានឲ្យដឹងថា ក្រុមហ៊ុនស្មាតហ្វូនកំពូលៗទាំង៣របស់ពិភពលោក នាពេលនេះសុទ្ធតែមកពីតំបន់អាស៉ីទាំងអស់ គឺលេខ១ ជាក្រុមហ៊ុនកូរ៉េខាងត្បូង Samsung, លេខ២ ជាក្រុមហ៊ុនចិន Huawei និងលេខ៣ ជាក្រុមហ៊ុនចិន Xiaomi។

ចំនួនស្មាតហ្វូនសរុបដែល Samsung បានលក់ចេញក្នុងត្រីមាសទី៣នៃឆ្នាំ២០២០ គឺជាង៨០លានគ្រឿង។ រីឯចំនួនស្មាតហ្វូនសរុបដែល Huawei បានលក់ចេញក្នុងរយៈពេលដូចគ្នាគឺជិត៥២លានគ្រឿង។ សម្រាប់ Xiaomi វិញ គឺលក់ចេញបាន៤៦.៥លានគ្រឿង ខណៈ Apple ដែលបានធ្លាក់ទៅចំណាត់ថ្នាក់លេខ៤ គឺលក់ចេញបាន៤១.៦លានគ្រឿង។ វាជាលើកដំបូងបំផុត ក្នុងរយៈពេល១០ឆ្នាំមកនេះ ដែល Apple បានខ្ទាតចេញពីចំណាត់ថ្នាក់កំពូលទាំង៣។

គួរជម្រាបថា យ៉ាងណាក្តី ការដែល Xiaomi វ៉ា Apple នៅត្រីមាសកន្លងទៅនេះ គឺអាចជារឿងបណ្តោះអាសន្នប៉ុណ្ណោះ ដ្បិតថាការចាប់ផ្តើមលក់ iPhone 5G គឺក្រុម iPhone 12 របស់ Apple នៅត្រីមាសទី៤នៃឆ្នាំ២០២០ ទំនងជានឹងជួយបង្កើនចំនួនលក់របស់ Apple សាជាថ្មីវិញ៕