(ភ្នំពេញ)៖ ទីបំផុត តារាសម្តែងប្រុសតែងតែលេចមុខ ក្នុងខ្សែភាពយន្តភាគខ្មែរជាច្រើន លោក ភឹម តារាវិបុល បានសារភាពពីការមានទំនាក់ទំនងស្នេហ៍ ជាមួយនារីម្នាក់ ដែលមានអាជីពជាអ្នកបើកហាងសាឡន បន្ទាប់ពីលាក់បាំងទស្សនិកជន អស់រយៈពេលជាច្រើនឆ្នាំ។ ការបង្ហាញអាថ៌កំបាំងផ្ទាល់ខ្លួននៅពេលនេះ គឺប្រៀបបាននឹងការលុបចោលទាំងស្រុង នូវពាក្យចចាមអារ៉ាមនាពេលកន្លងមកថា លោកជាមនុស្សស្រឡាញ់ប្រុសដូចគ្នា។

ការទម្លាយរឿងឯកជនទៅកាន់អ្នកគាំទ្រ ពីសំណាក់លោក ភឹម តារាវិបុល នៅពេលនេះ គឺតាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់ តារា» ក្នុងនោះលោកបានរៀបរាប់ ពីការប្រឡូកក្នុងសិល្បៈជាលើកដំបូង គឺតាមរយៈការប្រឡងក្នុងកម្មវិធី Freshie Boy ជំនាន់ឆ្នាំ២០១៦ ដែលឈានដល់វគ្គ៧នាក់ចុងក្រោយ។ កាលណោះ ទោះមិនទទួលជយលាភី ប៉ុន្តែការប្រឡងក្នុងកម្មវិធីនេះ ជាផ្លូវមួយឲ្យបណ្តាផលិតករនានា មើលឃើញពីទេពកោសល្យ និងសមត្ថភាពលោក ដោយទាក់ទងថតខ្សែភាពយន្តជាបន្តបន្ទាប់។

យ៉ាងណាមិញ បើគេនៅចាំមិនភ្លេច កាលពីមួយរយៈមុនមានពាក្យចចាមអារ៉ាម បានបោកបក់មកលើរូបលោកថា ជាមនុស្សស្រឡាញ់ភេទដូចគ្នា ខណៈដំណឹងនេះលោក ភឹម តារាវិបុល ហាក់មិនទាន់បានបកស្រាយ លំអិតដល់មហាជន ឲ្យអស់មន្ទិលសង្ស័យឡើយ។ តាមរយៈឆ្លើយឆ្លងជាមួយពិធីករ-ពិធីការិនី ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» តារាសម្តែង ភឹម តារាវិបុល បានអះអាងថា បច្ចុប្បន្ននេះ លោកកំពុងមានទំនាក់ទំនងស្នេហាជាមួយនារីម្នាក់ មិនមែនជាអ្នកសិល្បៈនោះទេ ពោលគឺជាម្ចាស់ហាងសាឡន នៅក្នុងរាជធានីភ្នំពេញ។

ជាមួយនឹងការទម្លាយអាថ៌កំបាំងនេះ បានធ្វើឲ្យពាក្យចចាមអារ៉ាមកាលពីអតីតកាល ត្រូវបានបញ្ចប់ទាំងស្រុងតែម្តង។ ទន្ទឹមគ្នានេះ លោក ភឹម តារាវិបុល បានអះអាងថា ចំពោះរឿងចូលរោងការនៅពេលណានោះ គឺកំពុងគិតគូដែរ តែមិនច្បាស់ ព្រោះកំពុងស្ថិតនៅក្នុងលក្ខណៈ មើលចិត្តថ្លើមគ្នាទៅវិញទៅមកជាមុនសិន។

គួរជម្រាបថា តារាសម្តែង ភឹម តារាវិបុល បានប្រឡូកក្នុងសិល្បៈអស់ពេលជាង១០ឆ្នាំហើយ។ ជានិច្ចកាល មហាជនឃើញវត្តមានតារាប្រុសរូបនេះ ចូលរួមសម្តែងភាពយន្តក្នុងផលិតកម្មមហាហង្ស ដែលចាក់ផ្សាយ តាមរយៈបណ្តាស្ថានីយទូរទស្សន៍នានា និងរោងភាពយន្តជាដើម៕