(ភ្នំពេញ)៖ កម្មវិធីប្រកួតបាល់ទាត់មិត្តភាពមនុស្សធម៌នៅកីឡដ្ឋាន Smart RSN របស់ក្លិបភ្នំពេញក្រោន កាលពីចុងសប្ដាហ៍កន្លងទៅ គឺប្រមូលបានថវិកាជាង ១២ម៉ឺនដុល្លារ និងអង្ករ ២០តោន ដើម្បីជួយដល់ជនរងគ្រោះដោយសារជំនន់ទឹកភ្លៀង និងក្រុមគ្រួសារយោធិនមានជីវភាពខ្វះខាត។
កម្មវិធីនេះរៀបចំដោយក្រុមអ្នកដឹកនាំជំនាន់ទី៨ (LP8) ដែលមានឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លិបភ្នំពេញក្រោនជាសមាជិក រួមជាមួយក្រុមនិស្សិតអាហារូបករណ៍សម្ដេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្រោយមកិច្ចសហការជាមួយក្លិបភ្នំពេញក្រោន ដែលធ្វើឡើងក្រោមវត្តមានលោក ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។
ក្រោយចប់ការប្រកួត ១ថ្ងៃ ក្លិបសិង្ហក្រហមនេះ បានប្រកាសលើគេហទំព័រផ្លូវការរបស់ខ្លួនថា កម្មវិធីខាងលើ គឺប្រមូលបានថវិកាជាង ១២ម៉ឺនដុល្លារ និងអង្ករ ២០តោន ។ ក្នុងនោះភ្នំពេញក្រោន ក៏បានបរិច្ចាគថវិកា ៥០លានរៀល ដែលជាប្រាក់រង្វាន់លេខ៣ នៃលីគកំពូលកម្ពុជា តាមរយៈសកម្មមនុស្សធម៌នេះ ដើម្បីរួមចំណែជួយជនរងគ្រោះដោយទឹកជំនន់ អតីតយុទ្ធជន យោធិនពិការ និងក្រុមគ្រួសារយោធិន ដែលមានជីវភាពខ្វះខាតផងដែរ៕