(ប៉ារីស)៖ លោក Didier Deschamps គ្រូបង្វឹកក្រុមបាល់ទាត់មាន់គកបារាំងបានថ្លែងថា កីឡាករខ្សែបម្រើប្រយុទ្ធ Paul Pogba ហាក់ដូចជាមិនសប្បាយទាល់តែសោះក្នុងការលេងឲ្យក្លិបអង់គ្លេស បិសាចក្រហម Manchester United។
គ្រូបង្វឹកដែលបានដឹកបារាំងឈានដល់វគ្គផ្តាច់ព្រ័ត្រនៃ Euro 2016 មុនឈ្នះពាន World Cup 2018 បានថ្លែងប្រាប់ BBC ថា «មិនអាចសប្បាយចិត្តបានទេក្នុងស្ថានភាពកន្លងមកទល់នឹងបច្ចុប្បន្នទាំងម៉ោងប្រកួត និងតំណែងដែលដាក់ឲ្យ Pogba លេងជាដើម។ គាត់មានការធ្លាក់ទម្រង់លេង ដែលញាំញីដោយបញ្ហារបួស និងជំងឺ Covid-19 ផងដែរ»។
អតីតកីឡាករដែលមានបិសាចក្រហម យកពីក្លិប Juventus ត្រឡប់មកវិញមានឈ្មោះលេងទាំង ១១ប្រកួតនៅ Old Trafford ប៉ុន្តែទើបតែរត់លើទីលានបាន ៥ប្រកួតប៉ុណ្ណោះក្នុងរដូវកាលនេះ។
បច្ចុប្បន្ន Paul Pogba ដែលមានវ័យ ២៧ឆ្នាំបានកំពុងហ្វឹកហាត់ជាមួយមិត្តរួមក្រុមបារាំង ដើម្បីលេង ៣ប្រកួតក្នុងខែវិច្ឆិកានេះទល់នឹងហ្វាំងឡង់ ព័រទុយហ្គាល់ និងស៊ុយអែតក្នុងពាន UEFA Nations League និងជំនួបមិត្តភាពអន្តរជាតិទៀតផង៕