(ភ្នំពេញ)៖ សហព័ន្ធកីឡារាំកម្ពុជា និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រកាសពន្យារពេលរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ ភ្លាមៗ តាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល បន្ទាប់ពីមានព្រឹត្តិការណ៍ ៣វិច្ឆិកា ដើម្បីបង្ការជំងឺកូវីដ-១៩។
តាមគម្រោងការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ គ្រោងធ្វើឡើងរយៈពេល ២ថ្ងៃ នៅថ្ងៃទី១៤-១៥ ខែមិថុនា នៅពហុកីឡដ្ឋានជាតិ។ ចំណែកការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ គឺគ្រោងធ្វើការប្រកួត ចាប់ពីថ្ងៃទី១៦-២០ ខែវិច្ឆិកាខាងមុខ។
ប៉ុន្ដែដោយមានព្រឹត្តិការណ៍ ៣វិច្ឆិកា ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងស្ដីពីការផ្អាកការលេងកីឡា ឬការហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្ដុំ និងការផ្អាកចេញ-ចូលក្នុងបរិវេណពហុកីឡដ្ឋានជាតិជាបណ្ដោះអាសន្ន សហព័ន្ធកីឡាជាតិទាំងពីរ ក៏បានសម្រេចពន្យាពេលការប្រកួតតែម្ដង។
ចំពោះកាលបរិច្ឆេទថ្មី សហព័ន្ធទាំងពីរ បានបញ្ជាក់នឹងធ្វើការជូនដំណឹងតាមក្រោយ បន្ទាប់ពីទួលបានការណែនាំថ្មីពីក្រសួងអប់រំ យុវជន និងកីឡា។ ទន្ទឹមជាមួយគ្នា សហព័ន្ធក៏បានអំពាវនាវឲ្យសមាគម/ក្លិប ដែលជាសមាជិកបន្ដអនុវត្តតាមវិធានការក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ដើម្បីការពារជំងឺដ៏កាចសាហាវនេះផងដែរ។
គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៣វិច្ឆិកា គិតត្រឹមល្ងាចថ្ងៃទី០៩ ខែវិច្ឆិកា ដែលជាថ្លៃកំណត់ធ្វើតេស្ដសំណាកលើកទី២ គឺមានអ្នកពាក់ព័ន្ធរហូតដល់ ១,១៤០នាក់ ក្នុងនោះមានអ្នកតេស្ដវិជ្ជមានកូវីដ-១៩ ថ្មីចំនួន ៣នាក់ បន្ថែមលើអង្គរក្សផ្ទាល់របស់គណៈប្រតិភូហុងគ្រី ដែលបានរកឃើញមុនគេ។ អ្វីដែលពិសេសអង្គរក្សរូបនោះ ក៏ធ្លាប់មានទំនាក់ទំនងផ្ទាល់ និងប្រយោលជាមួយកីឡាករ និងបុគ្គលិកសរុបចំនួន ៧នាក់ ក្នុងពហុកីឡដ្ឋានជាតិទៀតផង៕