(ចិន)៖ ក្រុមហ៊ុនផលិតទូរស័ព្ទដៃលំដាប់ពិភពលោក និងជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei ត្រូវបានគេរាយការណ៍មកថា គ្រោង នឹងលក់ចំណែកភាគហ៊ុនមួយចំនួនរបស់ក្រុមហ៊ុន Honor Terminal Co Ltd ដែលជាបុត្រសម្ព័ន្ធរបស់ខ្លួនទៅឱ្យក្រុមហ៊ុនចិន Digital China ដែលកាន់កាប់ដោយរដ្ឋាភិបាល Shenzhen។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមហ៊ុនផលិតស្មាតហ្វូន Honor ដែលបច្ចុប្បន្នកំពុងតែមានទីផ្សារខ្ពស់នៅអាស៊ី និង ឥណ្ឌា នៅពេលនេះ ត្រូវបាន Huawei លក់ចំណែកហ៊ុនប្រមាណជា ១០ ទៅ១៥ភាគរយ ឱ្យទៅក្រុមហ៊ុន Digital China ក្នុងតម្លៃ ១៥ពាន់លានដុល្លារអាមេរិក។
ក្រោយពីទិញភាគហ៊ុននេះ ក្រុមហ៊ុន Digital China ដែលកាន់កាប់ដោយរដ្ឋាភិបាល Shenzhen នឹងក្លាយជាម្ចាស់ភាគហ៊ុនធំលំដាប់ទី២ របស់ក្រុមហ៊ុនផលិតស្មាតហ្វូន Honor ខណៈដែលបច្ចុប្បន្ន Digital China គឺជាអ្នកចែកចាយស្មាតហ្វូនដ៏ធំរបស់ Huawei និងជាដៃគូ សហការដ៏ល្អ។
ពុំមានព័ត៌មានច្បាស់ការណ៍ណាមួយពាក់ព័ន្ធនឹងការលក់នេះទេ ប៉ុន្តែប្រភពជាច្រើនបាននិយាយថា ការលក់នេះអាចមកពីការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក និងមួយទៀតក្រុមហ៊ុន Huawei ចង់ឱ្យប្រ៊េនស្មាតហ្វូន Honor ល្បី និងមិនជ្រោកក្រោមស្លាកសញ្ញា Huawei ៕