(អាមេរិក)៖ ក្នុងព្រឹត្តិការណ៍ពិសេសមួយនាថ្ងៃអង្គារសប្តាហ៍នេះ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Apple បានបញ្ចេញក្រុមកុំព្យូទ័រ Mac ជំនាន់ថ្មី ដោយពួកវាប្រើបន្ទះឈីប CPU ដែល Apple អភិវឌ្ឍឡើងផ្ទាល់ដៃហៅថា Apple Silicon M1។ Apple ក៏បានប្រកាសអំពីប្រព័ន្ធប្រតិបត្តិការថ្មីគឺ MacOS Big Sur ដែលនឹងទាញយកប្រយោជន៍ពីសមត្ថភាពបន្ទះឈីប M1 នេះផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Forbes នៅថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្រុមកុំព្យូទ័រ Mac ជំនាន់ថ្មី ដែល Apple បានបញ្ចេញរួមមាន MacBook Air, MacBook Pro ១៣អ៉ីញ និងមីនីកុំព្យូទ័រ Mac។ អតិថិជនអាចចាប់ផ្តើមបញ្ជាទិញពួកវាបានភ្លាមៗតែម្តង ហើយកុំព្យូទ័រទាំងនេះនឹងមានវត្តមាននៅតាមហាងរបស់ Apple នាសប្តាហ៍ក្រោយ ប៉ុន្តែពុំមានការបញ្ជាក់ថ្ងៃឲ្យច្បាស់នោះឡើយ។ ដោយឡែកប្រព័ន្ធប្រតិបត្តិការថ្មី MacOS Big Sur នឹងត្រូវដាក់ចេញនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។
គួរជម្រាបថា កន្លងមក ក្រុមហ៊ុន Apple បានដំណើរការបន្ទះឈីបដែលអភិវឌ្ឍផ្ទាល់ដៃតែនៅលើ iPhone, iPad និង Watch ប៉ុណ្ណោះ ដោយក្រុមកុំព្យូទ័រ Mac របស់ខ្លួន គឺបានប្រើប្រាស់បន្ទះឈីប CPU របស់ក្រុមហ៊ុន Intel។ Apple បានបញ្ជាក់ថា ក្រុមហ៊ុននឹងត្រូវចំណាយពេល២ឆ្នាំ ដើម្បីធ្វើអន្តរកាលផលិតផល Mac ថ្មីៗទាំងអស់របស់ខ្លួន ទៅរកការប្រើប្រាស់បន្ទះឈីប M1៕