(ក្រុងឡុងដ៍)៖ កីឡាករខ្សែបម្រើប្រយុទ្ធវ័យក្មេង Jude Bellingham ត្រូវបានក្រុមតោបីអង់គ្លេស កោះហៅចូលក្រុមឈុតធំជាលើកដំបូងសម្រាប់ត្រៀមលេង ៣ប្រកួតនៅពេលខាងមុខក្នុងមិត្តភាពអន្តរជាតិ និងពាន Nations League 2020-2021។

ក្រុមដឹកនាំដោយអ្នកចាត់ការទូទៅ Gareth Southgate បានបាត់បង់ខ្សែការពារ Alexander Arnold និងខ្សែបម្រើ James Ward Prowse ដោយសារបញ្ហរបួស។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។

Bellingham ដែលមានវ័យទើបតែ ១៧ឆ្នាំបច្ចុប្បន្នប្រកបអាជីពជាមួយក្រុមអាលឺម៉ង់ Borussia Dortmund ក្រោយផ្ទេរចេញពី Birmingham City របស់អង់គ្លេស ដោយធ្លាប់ជាប់ជម្រើស U21 លេងបាន ៤ប្រកួតមកហើយដែរ។ នេះជាការវិលចូលក្រុមឈុតធំលើកដំបូងផងដែរសម្រាប់ Bellingham ក្រោយពេលបង្ហាញខ្លួនលើទីលានបាន ១១ប្រកួតឲ្យ Borussia Dortmund ក្នុងរដូវកាលនេះ។

គួររំលឹកផងថា Bellingham នឹងក្លាយជាកីឡាករក្មេងជាងគេទី៣ សម្រាប់ក្រុមអង់គ្លេស បើសិនជាបានចូលរត់លើទីលាននៅប្រកួតណាមួយដែលមានអតីតសិស្សច្បង Theo Walcott និង Wayne Rooney ដែលជាអតីតកីឡាករចូលលេងក្មេងជាងគេរបស់ជម្រើសជាតិតោបីអង់គ្លេស ដែលត្រូវលេងមិត្តភាពជាមួយក្រុមសាធារណរដ្ឋអៀរឡង់ និងការប្រកួត Nations League ទល់នឹងក្រុមប៊ែលហ្សិក និងអ៊ីស្លង់៕