(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនដំណឹងដល់ក្រសួង ស្ថាប័ន និយោជក អ្នកផ្តល់កាអប់រំ បណ្តុះបណ្តាល អ្នកស្វែងរកការងារ សិស្ស-និសិ្សត និងសាធារណជនជ្រាបថា «ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២០» ដែលគ្រោងរៀបចំតាមអនឡាញ និងជួបផ្ទាល់ រយៈពេល០២ថ្ងៃ ចាប់ថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានពន្យារពេលការតាំងបង្ហាញរបស់និយោជក តែបានរៀបចំតាមរយៈអនឡាញវិញ។

ការកែសម្រួលពន្យារពេលពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២០ មានដូចជា៖ រក្សាទុកការប្រារព្វកម្មវិធីអនឡាញតាមរយៈគេហទំព័រ www.careerfair.nea.gov.kh តាមកាលបរិច្ឆេទខាងលើ, ពន្យារពេលការតាំងបង្ហាញ និងជួបផ្ទាល់របស់និយោជក នៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទៅពេលវេលាសមស្រប រហូតដល់មានការជូនដំណឹងជាថ្មី។

ការកែសម្រួលនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីចៀសវាងការជួបជុំគ្នា រក្សាគម្លាតសង្គម និងចូលរួមបង្ការទប់ស្កាត់ករណីរីករាលដាលថ្មី នៃជំងឺឆ្លងកូវីដ-១៩។

សម្រាប់ព័ត៌មានពិស្ដារអំពីកម្មវិធីពិព័រណ៍ការងារអនឡាញ សូមទំនាក់ទំនងមកទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈតាមរយៈ ទូរស័ព្ទលេខ ០១៧ ៨៧១ ៨០៧។ អាស្រ័យដូចបានជម្រាបជូននេះ សូមក្រសួង ស្ថាប័ន និយោជក អ្នកផ្តល់កាអប់រំបណ្តុះបណ្តាល អ្នកស្វែងរកការងារ សិស្ស-និសិ្សត និងសាធារណជន ទាំងអស់ មេត្តា អធ្យាស្រ័យ ប្រកបដោយស្មារតីយោគយល់៕