(ភ្នំពេញ)៖ លោក Akihiro Kato ប្រធានក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានប្រកាសតែងតាំងលោក Naotake Hanyu អតីតកីឡាករក្រុមជម្រើសជាតិជប៉ុន គឺជាទីប្រឹក្សារបស់ក្លិប ដើម្បីរួមចំណែកពង្រឹងក្រុមត្រៀមរដូវកាលថ្មីខាងមុខ។

ក្លិបមានមូលដ្ឋាននៅខេត្តសៀមរាបនេះបានបង្ហោះលើទំព័រហ្វេសប៊ុករបស់ខ្លួនថា «សូមស្វាគមន៍យ៉ាង កក់ ក្តៅ ចំពោះវត្តមានរបស់លោក Naotake Hanyu អតីតកីឡាករជម្រើសជាតិជប៉ុន ដែលរូបលោក នឹងក្លាយ ជាទីប្រឹក្សារបស់ក្លិបបាល់ទាត់អង្គរថាយហ្គឺរចាប់ពីពេលនេះតទៅ»

លោក Naotake Hanyu បានប្រឡូកអាជីពបាល់ទាត់ក្នុងក្របខណ្ឌអាជីពកាលពីឆ្នាំ២០០២ រហូតដល់ឆ្នាំ ២០១៧ ទើបលោកចូលនិវត្តន៍។ ប៉ុន្ដែមុនព្យួរស្បែកជើង លោកធ្លាប់ជួយក្រុមសាំម៉ូរ៉ៃជប៉ុនរយៈពេល ៣ឆ្នាំ កាល ពីឆ្នាំ២០០៦-២០០៨។ ចំពោះក្លិបលោកធ្លាប់លេង គឺមានក្លិប JEF United Chiba (ឆ្នាំ ២០០២-២០០៧), FC Tokyo (ឆ្នាំ២០០៨-២០១៦), Venftoret Kofu (ឆ្នាំ២០១៣) មុនលោកត្រឡប់ ទៅលេងឲ្យក្លិបចាស់ JEF United Chiba នៅឆ្នាំ២០១៧ ហើយប្រកាសចូលនិវត្តន៍នៅទីនោះតែម្ដង៕