(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រុមហ៊ុន សែលកាត ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ (Framework Agreement) ដ៏សំខាន់មួយជាមួយនឹងក្រុមហ៊ុនសាជីវកម្ម ZTE សម្រាប់ការនាំយកនូវបច្ចេកវិទ្យា 5G និងការបង្កើនសេវាគ្របដណ្ដប់ និងសមត្ថភាពបច្ចេកវិទ្យា 4G នៅទូទាំងប្រទេសកម្ពុជា។

ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងលោក សុង ចូវុន (Song Chaojun) នាយកគ្រប់គ្រងផ្នែកវិស្វកម្ម និងសេវាកម្មប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុន ZTE ដោយទន្ទឹមនឹងនោះក៏មាននូវវត្តមានចូលរួមរបស់ គណៈគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុន ZTE ផងដែរ។
កិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងស្របគ្នានឹងកាលៈទេសៈដ៏សំខាន់សម្រាប់ក្រុមហ៊ុនសែលកាត និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលកំពុងដាក់ចេញនូវផែនការជាផ្លូវការក្នុងការនាំយកនូវបច្ចេកវិទ្យា 5G ក៏ដូចជាការបង្កើននូវសេវាគ្របដណ្ដប់ និងគុណភាពរបស់បច្ចេកវិទ្យា 4G LTE។
កិច្ចព្រមព្រៀងនេះនឹងនាំមកនូវការវិនិយោគហិរញ្ញវត្ថុដ៏សំខាន់មួយ ដែលនឹងជួយឱ្យកម្ពុជាក្លាយជាប្រទេសឈានមុខគេមួយនៅក្នុងតំបន់ ទៅលើការប្រើប្រាស់បច្ចេកវិទ្យា 5G។
គួររំឮកផងដែរ សែលកាតដែលជាប្រតិបត្តិករ គ្រប់គ្រងដោយជនជាតិខ្មែរតែមួយគត់នៅកម្ពុជា និងក៏ជាក្រុមហ៊ុនដែលបម្រើសេវាកម្មយូរបំផុតដែរ។ ដោយមានរយៈពេលប្រតិបត្តិការរហូតតទៅដល់ ២៤ឆ្នាំ បានមានគម្រោងជាយូរមកហើយក្នុងការនាំយកនូវបច្ចេកវិទ្យា 5G ហើយទន្ទឹមនឹងនោះក្រុមហ៊ុនក៏ចង់សម្រេចឱ្យបាននូវចក្ខុវិស័យរបស់លោកអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក្នុងការអភិវឌ្ឍវិស័យឌីជីថលប្រកបដោយភាពជោគជ័យនៅក្នុងប្រទេសកម្ពុជា ផងដែរ។

បន្ថែមលើនេះ ចក្ខុវិស័យរបស់អ្នកឧកញ៉ា គិត ម៉េង គឺគាំទ្រផ្ទាល់ទៅលើគម្រោងរបស់រាជរដ្ឋាភិបាលសម្រាប់ឧស្សាហកម្ម ៤.០ ពោលគឺគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ និងផលិតផលក្នុងស្រុកសរុប ហើយក្នុងនោះក៏ជួយជម្រុញឱ្យពលរដ្ឋកម្ពុជាទទួលបាននូវអត្ថប្រយោជន៍ពីការរស់នៅក្នុងសម័យឌីជីថលផងដែរ។

ក្រុមហ៊ុន Cellcard, Wing Money, Ezecom, CBS និង Digital Sky ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធផ្នែក ICT របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប កំពុងសហការគ្នាយ៉ាងជិតស្និទ្ធ ទៅលើការអនុវត្តនូវយុទ្ធសាស្ត្រឌីជីថលរួមគ្នាសម្រាប់ប្រទេសកម្ពុជា។

យុទ្ធសាស្រ្តនេះ នឹងនាំឱ្យមានការផ្លាស់ប្តូរទាំងស្រុងនៃវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា ព្រោះថាតួនាទីនៃការតភ្ជាប់ទិន្នន័យ មាតិកា និងសន្តិសុខ នៅក្នុងការរស់នៅប្រចាំថ្ងៃរបស់មនុស្សយើង នឹងត្រូវបានផ្លាស់ប្តូរ ស្របនឹងវត្តមានមកដល់នៃបច្ចេកវិទ្យា 5G និងការគាំទ្រយ៉ាងទូលំទូលាយនៃបច្ចេកវិទ្យាដូចជា IoT, Big Data, AI និង VR / AR ជាដើម។

អ្នកឧកញ៉ា គិត ម៉េង បានថ្លែងថា ក្រុមហ៊ុនសែលកាត រួមជាមួយនឹងក្រុមហ៊ុនបុត្រសម្ព័ន្ធផ្នែក ICT របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបដទៃទៀតនឹងធានាឱ្យបានថាវត្តមាននៃបច្ចេកវិទ្យា 5G នៅក្នុងប្រទេសកម្ពុជា នឹងនាំមកគុណប្រយោជន៍យ៉ាងធំធេងដល់ផ្នែកមនុស្សធម៌ ដើម្បីលើកកម្ពស់ផ្នែកសេវាសុខភាព ការអប់រំ និងសន្តិសុខសម្រាប់ពលរដ្ឋគ្រប់រូប ក៏ដូចជាជួយជំរុញឱ្យវិស័យសេដ្ឋកិច្ចកម្ពុជាមានភាពរឹងមាំនាពេលអនាគតផងដែរ៕