(អាមេរិក)៖ ក្រុមហ៊ុនផ្ដល់សេវាកម្មប្រជុំតាមអនឡាញជាលក្ខណៈវីដេអូ Zoom បានកើបលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅពេលដែលជំងឺកូវីដ-១៩ បានផ្ទុះឡើង តែថ្ងៃនេះ Zoom បានខាតបង់ប្រាក់ចំណូលប្រមាណ ៥ពាន់លានដុល្លារ ដោយសារតែវ៉ាក់សាំងកូវីដ-១៩ ត្រូវបានគេប្រកាសថាបានរកឃើញ និងមានប្រសិនភាពខ្ពស់។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា ភាគហ៊ុនរបស់ក្រុមហ៊ុន Zoom បានធ្លាក់ចុះខ្លាំងរហូតដល់ ១៧ភាគរយ នៅក្នុងរយៈប៉ុន្មានថ្ងៃនេះ ពោលគឺក្រោយពេលមានសេចក្តីប្រកាសពីប្រសិទ្ធភាពនៃវ៉ាក់សាំងកូវីដ-១៩។

លោក Eric Yuan ស្ថាបនិកក្រុមហ៊ុន Zoom ត្រូវបានគេរាយការណ៍មកថា បានខាតបង់ប្រាក់អស់ជាច្រើនផងដែរ ខណៈដែលលោកបានជាប់ឈ្មោះនៅក្នុងតារាងអ្នកមានទ្រព្បសម្បត្តិច្រើនជាងគេបំផុតទី៤០ លើពិភពលោកនេះ។

តាមការចេញផ្សាយរបស់ Reuters ក៏បានឲ្យដឹងផងដែរថា ភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនបានធ្លាក់ចុះព្រមគ្នា ក្រោយពេលវ៉ាក់សាំងកូវីដ-១៩ ត្រូវបានប្រកាសថាមានប្រសិទ្ធភាពខ្ពស់៕