(ភ្នំពេញ)៖ ខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ខេត្តព្រៃវែង និងក្រុមជម្រើសជាតិអាយុក្រោម ១៩ឆ្នាំកម្ពុជា វុធ តុលា បានទម្លាយនូវទំនាក់ទំនងគួរឲ្យចាប់អារម្មណ៍ជាមួយរាមច្បង ចាន់ វឌ្ឍនាកា ដែលខ្លួនចាត់ទុកជានិមិត្តរូប (Idol) ស្របពេលរូបគេ ទើបបំបែកកំណត់ត្រារាមច្បងរូបនេះ ក្នុងនាមកីឡាករវ័យក្មេងជាងគេ ដែលឈ្នះស្បែកជើងមាសពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ក្នុងរយៈពេល ១១ឆ្នាំចុងក្រោយ។

វុធ តុលា បានឈ្នះស្បែកជើងមាសពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ បន្ទាប់ពីរកបាន ៦គ្រាប់ កាលពីពេលថ្មីៗ ខណៈរូបគេទើបមានវ័យ ១៨ឆ្នាំ និង ៥ខែដែលនាំឲ្យខ្សែប្រយុទ្ធមានស្រុកកំណើត នៅស្រុកកំរៀង ខេត្តបាត់ដំបងរូបនេះ បំបែកកំណត់ត្រារាមច្បង ចាន់ វឌ្ឍនាកា ដែលឈ្នះស្បែកជើងមាសពានសម្ដេចតេជោកាលពីឆ្នាំ២០១៣ ក្នុងវ័យ ១៩ឆ្នាំ និង ២៤ថ្ងៃតែកាលនោះ វឌ្ឍនាកា រកបាន ១១គ្រាប់។

ជុំវិញអាថ៌កំបាំងទំនាក់ទំនងជាមួយ ចាន់ វឌ្ឍនាកា វិញ តុលា បានបង្ហើបថា មួយរយៈពេលចុងក្រោយនេះ ខ្លួន និង វឌ្ឍនាកា តែងឆាត (Chat) រកគ្នាម្ដងម្កាល ដើម្បីសួរសុខទុក្ខផង និងសុំការចែករំលែកបទពិសោធពីរាមច្បងផង។ អ្វីដែលពិសេសខ្សែប្រយុទ្ធរហស្សនាម CV-11 តែងតែផ្ដល់កម្លាំងចិត្ត និងជំរុញរូបគេឲ្យខំប្រឹង បន្ទាប់ពីមើលឃើញសមត្ថភាព វុធ តុលា គឺជាខ្សែប្រយុទ្ធវ័យក្មេងដ៏ល្អមួយរូបលើសមរភូមិវាលស្មៅបច្ចុប្បន្ន។

ម្ចាស់អាវលេខ៩ ខាងលើបន្ដថា «ចាន់ វឌ្ឍនាកា គាត់លេងឆាតជាមួយខ្ញុំម្ដងម្កាល គាត់តែងផ្តល់កម្លាំងចិត្តឲ្យខ្ញុំ ប្រាប់ខ្ញុំម៉េចៗអ៊ីចឹងបង។ គាត់ គឺជា Idol របស់ខ្ញុំ។ ខ្ញុំតែងស្ដាប់គាត់រហូត ហើយគាត់ក៏បង្រៀនខ្ញុំរហូតដែរ»។ ពាក់ព័ន្ធនឹងទំនាក់ទំនង ឈានដល់ការ Chat រកគ្នានេះ គឺក្រោយពេល តុលា ធ្វើជាកូនកំដរកូនកម្លោះកីឡាករ កែវ សុខផេង ដែលរៀបអាពាហ៍អាពាហ៍កាលពីថ្មីៗ ហើយ វឌ្ឍនាកា បាចូលរួម និងថតរូបអនុស្សាវរីយ៍ជាមួយគ្នា។

តុលា បន្ថែមថា «និយាយទៅ ខ្ញុំមានគាត់ (ចាន់ វឌ្ឍនាកា) ជាគំរូ និងជា Idol មួយល្អសម្រាប់ខ្ញុំ ហើយខ្ញុំក៏តែងឧស្សាហ៍សួរនាំគាត់ពីបាល់ទាត់ ហើយគាត់ក៏តែងចែករំលែកនូវបទពិសោធ ដើម្បីក្លាយជាកីឡាករល្អ ត្រូវធ្វើម៉េចៗអ៊ីចឹងបង ហើយខ្ញុំក៏ចង់ក្លាយខ្លួនដូចគាល់នាថ្ងៃខាងមុខដែរ។ និយាយរួមទំនាក់ទំនង និងការលេង Chat គឺធម្មតាបង គាត់រីករាយក្នុងការចែករំលែកចំណេះដឹងបាល់ទាត់ដល់ខ្ញុំជានិច្ច»

គួរបញ្ជាក់ថា វុធ តុលា ធ្លាប់ហ្វឹកហាត់ជាមួយក្រុមយុវជនក្របខណ្ឌសាលាមួយ នៅថៃ មុនមកចូលរួមជាមួយក្រុមយុវជនវិសាខា នៅចុងឆ្នាំ២០១៩ ហើយជួយក្រុមយុវជននេះឈ្នះជើងឯកជាច្រើន មុនរូបគេវិវត្តន៍ខ្លួនចូលរួមជាមួយក្រុមជម្រើសខេត្តព្រៃវែង (បច្ចុប្បន្នសមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង) ដែលជួយឲ្យព្រៃវែង ឈ្នះជើងឯកពានសម្ដេចតេជោថ្នាក់ខេត្ត និងដណ្ដើមបានលេខ៣ ពានសម្ដេចតេជោថ្នាក់ជាតិថែមទៀត។

បច្ចុប្បន្ន តុលា ក៏មានឈ្មោះលេងក្របខណ្ឌលីគទី២ កម្ពុជា ជាមួយសមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង ហើយគេក៏មានឈ្មោះក្នុងបញ្ជីប្រមូលផ្ដុំហ្វឹកហាត់ក្រុមជម្រើសជាតិ U19 កម្ពុជា ជាប្រចាំ ដើម្បីត្រៀមការប្រកួតពានរង្វាន់ AFC U19 Championship ជុំផ្ដាច់ព្រ័ត្រនៅប្រទេសអ៊ូសបេគីស្ថាន ជាមួយដៃគូដ៏មុតស្រួចរបស់គេ គឺកីឡាករ សៀង ចន្ធា ផងដែរ៕