(ភ្នំពេញ)៖ ទីបំផុតជំនួបបិទរដូវកាលក្របខណ្ឌលីគកំពូលកម្ពុជា រវាងក្លិបភ្នំពេញក្រោន និងក្រុមជើងឯកបឹងកេត ដែលបញ្ចប់ដោយភាពចម្រូងចម្រាសនៅចុងម៉ោង រហូតបង្កជាហិង្សា កាលពីថ្ងៃទី២៥ ខែតុលា ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) ចេញលិខិតសម្រេចដាក់ពិន័យជាផ្លូវការហើយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។
ចំពោះក្រុមបឹងកេត ត្រូវបានសហព័ន្ធពិន័យលេងក្នុងដីខ្លួនឯង ដោយមិនអនុញ្ញាតឲ្យមានអ្នកទស្សនា ១ប្រកួតនារដូវកាលឆ្នាំ២០២១ និងពិន័យជាប្រាក់ ១លានរៀល ពីបទមិនអាចគ្រប់គ្រងអ្នកគាំទ្ររបស់ខ្លួនរត់ចូលទីលាន(អ្នកគាំទ្ររត់ចូលទីលានអបអរការស៊ុតបញ្ចូលទីរបស់កីឡាករ) យោងតាមប្រការ ៧ ពិរុទ្ធភាព និងប្រការ ៦៧ ទំនួលខុសត្រូវរបស់ទស្សនិកជន នៃក្រុមវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។
ចំណែកក្រុមភ្នំពេញក្រោន ក៏រងពិន័យស្រដៀងគ្នាដែរ ដោយសហព័ន្ធពិន័យក្រុមសិង្ហក្រហមនេះ ប្រកួតក្នុងដីមិនអនុញ្ញាតឲ្យមានអ្នកទស្សនា ២ប្រកួត និងពិន័យជាប្រាក់ ២លានរៀល ពីបទមិនអាចទទួលខុសត្រូវលើអ្នកគាំទ្ររបស់ខ្លួន បន្ទាប់ពីមានអ្នករត់ចូលទីលាន ការគប់កាំជ្រួចផ្សែងចូលទីលាន ជេរប្រមាថ និងធាក់ទ្វារបន្ទប់អាជ្ញាកណ្ដាល រួមទាំងស្រែកគំរាមវាយអាជ្ញាកណ្ដាលជាដើម ដែលបង្កឲ្យមានអសន្ដិសុខ ។
ដោយឡែកសមាជិកក្រុមទាំងពីរ ដែលរងពិន័យអំឡុងការប្រកួតខាងលើ រួមមានលោក បែ មករា អគ្គលេខាធិការក្លិបបឹងកេត និងលោក លី រ៉ាវី គ្រូជំនួយក្លិបបឹងកេត ត្រូវបានសហព័ន្ធព្យូរមិនឲ្យចូលរួមការប្រកួតលីគកំពូលកម្ពុជា ឆ្នាំ២០២១ រយៈពេល ៣ខែ និងពិន័យជាប្រាក់ចំនួន ៥០ម៉ឺនរៀលដូចគ្នា ពីបទជម្លោះវាយតបលើគូប្រកួត ផ្ទុយពីក្រមវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។
រីឯសមាជិកក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន គឺមានម្នាក់ គឺខ្សែប្រយុទ្ធ Paulo Victor ដែលទើបត្រូវបានក្លិបប្រកាសចែកផ្លូវកាលពីពេលថ្មីៗ ។ យ៉ាងណាមិញ សហព័ន្ធបានពិន័យ Paulo Victor ដែលបង្កកំហុសក្នុងការប្រកួតខាងលើ ដោយព្យួរការប្រកួតលីគកំពូលកម្ពុជា ឆ្នាំ២០២១ ចំនួន ៥ប្រកួត និងពិន័យជាប្រាក់ ៦០ម៉ឺនរៀល ពីបទប្រឆាំងការសម្រេចចិត្តរបស់មន្ដ្រីប្រកួត និងចូលរួមជម្លោះវាយតបជាដើម ។
យ៉ាងណាមិញ បន្ទាប់ពីសម្រេចដាក់ទណ្ឌកម្មរួច សហព័ន្ធបានទុករយៈពេល ៥ថ្ងៃ សម្រាប់ក្លិបនីមួយៗ ព្រមទាំងសមាជិកទាំង ៣រូបខាងលើ ក្នុងការដាក់ពាក្យបណ្ដឹងឧទ្ធរណ៍លើការពិន័យនេះ តែបើពុំមានបណ្ដឹងឧទ្ធរណ៍ទេ ការពិន័យនេះ នឹងចូលជាធរមានតែម្ដង៕