(ភ្នំពេញ)៖ ពិធីកម្មវិធី «គ្រាប់ពូជដើម្បីអនាគត» ឆ្នាំ២០២០ ត្រូវបានប្រារព្ធឡើងដោយជោគជ័យ តាមប្រព័ន្ធអ៊ិនធើណេត ហើយក្រុមហ៊ុន Huawei បានប្រកាសថា ខ្លួននឹងបន្តបណ្តុះបណ្តាលផ្នែកឌីជីថល ដល់យុវនិស្សិតកម្ពុជា ក្នុងរយៈពេល៣ឆ្នាំខាងមុខ ថែមទាំងប្តេជ្ញា ក្នុងការកសាងបណ្តាញតភ្ជាប់ដ៏ពេញលេញនៃឌីជីថលកម្ពុជា។

កម្មវិធីនេះ បានប្រព្រឹត្តធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា កន្លងទៅនេះ តាមប្រព័ន្ធអ៊ិនធើណេត ដោយមានវត្តមានរបស់លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា, លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា, លោក សុខ សប្បាយណា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា, លោក សុវណ្ណ យ៉ាវ នាយកប្រតិបត្តិនៃក្រុមហ៊ុន Huawei ថេកណឡជី (ខេមបូឌា) ខូអិលធីឌី និងមានការអញ្ជើញចូលរួមពីតំណាងសាកលវិទ្យាល័យធំៗចំនួន០៤ របស់កម្ពុជាផងដែរ។

គម្រោង «គ្រាប់ពូជដើម្បីអនាគត» របស់ក្រុមហ៊ុន Huawei ប្រចាំកម្ពុជា ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ២០១៦ ហើយរហូតមកដល់ពេលនេះ បានផ្តល់ឱកាសដល់និស្សិតសាកលវិទ្យាល័យឆ្នើមៗ នៅកម្ពុជា សរុបចំនួន៤០នាក់ ដែលធ្លាប់បានចូលរួមដំណើរទស្សនកិច្ច សិក្សាទៅកាន់ប្រទេសចិន។

នៅឆ្នាំនេះ គឺជាឆ្នាំទី៥ នៃការអនុវត្តគម្រោងនេះ ប៉ុន្តែដោយសារផលប៉ះពាល់ នៃការរីករាលដាលនៃជំងីកូវីដ១៩ នៅឆ្នាំ២០២០ ពិធីបើកកម្មវិធី «គ្រាប់ពូជដើម្បីអនាគត» របស់ក្រុមហ៊ុន Huawei ឆ្នាំ២០២០ នឹងត្រូវធ្វើឡើងតាមប្រព័ន្ធអ៊ិនធើណេត ដោយមានការពង្រីកនូវកិច្ចសហប្រតិបត្តិការ ជាមួយសាកលវិទ្យាល័យធំៗ ចំនួន៤ នៅកម្ពុជារួមមាន៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន, សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និងសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ជាលទ្ធផលនិស្សិតឆ្នើមចំនួន៣០នាក់ ត្រូវបានជ្រើសរើស ដើម្បីចូលរួមកម្មវិធីចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែវិច្ឆិកា នៃសប្តាហ៍កន្លងទៅនេះ។

លោក ជា វ៉ាន់ដេត បានលើកឡើងថា «ក្រុមហ៊ុន Huawei បានធ្វើប្រតិបត្តិការធុរកិច្ចនៅក្នុងប្រទេសកម្ពុជា អស់រយៈពេលជាយូរមកហើយ ដែលជាគំរូដ៏ប្រសើរមួយសម្រាប់សហគ្រាសបច្ចេកវិទ្យាទំនើប របស់ប្រទេសចិនក្នុងការរួមចំណែកអភិវឌ្ឍ នៅប្រទេសកម្ពុជា។ ក្នុងរយៈពេល ២១ឆ្នាំនៃប្រតិបត្តិការនៅកម្ពុជា ក្រុមហ៊ុនក៏បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការលើកកម្ពស់វិស័យទូរគមនាគមន៍នៅកម្ពុជា និងបានបណ្តុះបណ្តាលទេពកោសល្យ ផ្នែកឌីជីថល។

លោកបន្តថា «ក្រុមហ៊ុន Huawei នៅតែបន្តរួមចំណែកបណ្តុះបណ្តាលទេពកោសល្យវ័យក្មេង នៅកម្ពុជាតាមរយៈបណ្តាញអ៊ិនធើណេតផងដែរ។ ដូចនេះ ខ្ញុំសង្ឃឹមថានិស្សិតមកពីសាកលវិទ្យាល័យនៅកម្ពុជាទាំង ៣០នាក់ ចាប់យកនូវឱកាសក្នុងការសិក្សាស្វែងយល់ ពីក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេ របស់ប្រទេសចិន តាមរយៈការសិក្សានេះ និងដើម្បីចូលរួមចំណែកបន្ថែមទៀត ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា នាពេលអនាគត»

ជាមួយគ្នានេះលោករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា «ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏កំពុងបន្តអនុវត្តការងារលើវិស័យឌីជីថលថ្នាក់ជាតិ ផងដែររួមមាន៖ ផែនការទីក្រុងឆ្លាតវៃ, សេចក្តីព្រាងផែនទីផ្លូវ ៥G និងការកសាងក្រសួងឌីជីថល ជាដើម។ ជាពិសេសក្នុងវិស័យអប់រំផ្នែកឌីជីថល ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានធ្វើការជាមួយក្រសួងអប់រំ ដើម្បីបង្កើតកម្មវិធីសិក្សាតាមអ៊ិនធើណេត ក្នុងកំឡុងពេល នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីធានានូវភាពងាយស្រួល និងដើម្បីឱ្យនិស្សិតអាចបន្តការសិក្សាបាន។ ទន្ទឹមនឹងនេះវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននឹងក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលទេពកោសល្យក្នុងយុគសម័យឌីជីថល នៃប្រទេសកម្ពុជា»

លោក Wang Wentian បានថ្លែងថា «ក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេនៅលើពិភពលោក។ កំឡុងពេលធ្វើប្រតិបត្តិការនៅកម្ពុជា ក្រុមហ៊ុន Huawei ក៏បានចូលរួមចំណែកយ៉ាងសកម្ម ដើម្បីផ្តល់គុណតម្លៃដល់សហគមន៍មូលដ្ឋាន នៅក្នុងប្រទេសកម្ពុជាផងដែរ។

ចាប់ផ្តើមពីដើមឆ្នាំនេះ ការរាតត្បាតជំងឺកូវីដ១៩ បានវាយលុកទូទាំងពិភពលោក និងបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ដល់ការផ្លាស់ប្តូរនៃការធ្វើដំណើរ និងប្រាស័យទាក់ទងគ្នាវវាងប្រទេសនីមួយៗ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ដោយសារការគាំទ្រនៃបច្ចេកវិទ្យាឌីជីថល ដែលជួយសម្រួលដល់ដំណើរកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា តែងតែឆ្ពោះទៅមុខជានិច្ច។ ជាក់ស្តែងដោយមានការគាំទ្រផ្នែកបច្ចេកវិទ្យាពីក្រុមហ៊ុន Huawei កម្ពុជា យើងក៏បានបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងចិន និងកម្ពុជាជាផ្លូវការតាមរយៈ «ការជជែកពិភាក្សាតាមបច្ចេកវិទ្យា Cloud» និង «ការចុះហត្ថលេខាតាមបច្ចេកវិទ្យា Cloud»

ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជារូបនេះ បានបន្តទៀតថា «និស្សិតទាំង ៣០នាក់ ដែលត្រូវបានជ្រើសរើសសម្រាប់គម្រោង «គ្រាប់ពូជដើម្បីអនាគត» សុទ្ធតែជាតំណាងនិស្សិតឆ្នើមដែលត្រូវបានជ្រើសរើសដោយសាកលវិទ្យាល័យ។ ពួកគេមិនត្រឹមតែបានសិក្សា ពីចំណេះដឹងផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យាប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យពួកគេមានការយល់ដឹងអំពីក្រុមហ៊ុន Huawei និងវប្បធម៌ចិនកាន់តែស៊ីជម្រៅជាងមុន។ ហើយខ្ញុំសង្ឃឹមថានិស្សិតទាំងអស់មិនត្រឹមតែក្លាយជាគ្រាប់ពូជនៃកម្មវិធី «គ្រាប់ពូជដើម្បីអនាគត» ក្នុងការអភិវឌ្ឍឌីជីថល ប៉ុណ្ណោះទេ ហើយក៏ក្លាយជាគ្រាប់ពូជនៃមិត្តភាព តាមរយៈការជំរុញការកសាងសហគមន៍ចិន-កម្ពុជា ក្នុងពេលអនាគតផងដែរ»

នាឱកាសនោះដែរ លោក សុខ សប្បាយណា បានថ្លែងកោតសរសើរចំពោះការចូលរួមចំណែកជាបន្តបន្ទាប់របស់ក្រុមហ៊ុន Huawei ក្នុងការរួមចំណែកអភិវឌ្ឍវិស័យអប់រំផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យានៅកម្ពុជា ដែលជាគំរូដ៏ល្អមួយសម្រាប់សហគ្រាសចិន។

លោក សុខ សប្បាយណា បានលើកឡើងថាយ៉ាងដូច្នេះថា៖ «ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលកម្ពុជា ក៏បានបន្តអនុវត្តកំណែទម្រង់ការអប់រំឌីជីថលផងដែរ។ ការផ្ទុះឡើងនៃការរីករាលដាលនៃជំងឺកូវីដ-១៩ នៅឆ្នាំនេះ ក៏បានជំរុញបន្ថែមទៀត នូវដំណើរការកែទម្រង់ឌីជីថល របស់ក្រសួងអប់រំ រួមទាំងការអភិវឌ្ឍវេទិកា និងមាតិកាឌីជីថល ក៏ដូចជាការបណ្តុះបណ្តាលសមត្ថភាព របស់សាស្ត្រាចារ្យ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ ដូច្នេះ យុវជននៅកម្ពុជា អាចសម្របទៅនឹងយុគសម័យឧស្សាហកម្ម៤.០ កាន់តែប្រសើរជាងមុន និងជួយប្រទេសកម្ពុជាឱ្យឆាប់សម្រេចបាននូវគោលដៅរបស់ប្រទេសកម្ពុជា ដើម្បីក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ខាងមុខនេះ»

លោក សុវណ្ណ យ៉ាវ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei ថេកណឡជី (ខេមបូឌា) ខូអិលធីឌី បានថ្លែងអំណរគុណដល់ស្ថានទូតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ក៏ដូចជាក្រសួងអប់រំយុវជន និងកីឡាដែលបានគាំទ្រ ដល់កម្មវិធីគ្រាប់ពូជ នៃពេលអនាគតនៅឆ្នាំ២០២០។ ក្រុមហ៊ុន Huawei ជឿជាក់ថាការអប់រំ និងការបណ្តុះបណ្តាលទេពកោសល្យ គឺជារឿងសំខាន់បំផុតក្នុងការធ្វើឱ្យប្រទេសមួយបន្តការរីកចម្រើន។

លោក សុវណ្ណ យ៉ាវ បានបន្តថា៖ «ក្នុងនាមជាក្រុមហ៊ុនឈានមុខគេផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា ក្រុមហ៊ុន Huawei សង្ឃឹមថានឹងគាំទ្រដល់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសយុទ្ធសាស្ត្រចតុកោណរបស់សម្ដេចតេជោ សម្រាប់បដិវត្តន៍ឧស្សាហកម្មដំណាក់កាលទី៤នេះ ដែលនាំមកនូវពិភពឌីជីថល ជូនដល់គ្រប់គ្រួសារក្នុងប្រទេសកម្ពុជា និងដើម្បីឱ្យយុវជនគ្រប់រូបអាចសិក្សាអំពីបច្ចេកវិទ្យាឌីជីថល ចុងក្រោយបង្អស់រួមមានដូចជា៖ បច្ចេកវិទ្យា 5G, Cloud, IoT, AI ជាដើម ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងរយៈពេលវែងនៃសេដ្ឋកិច្ចសង្គម និងបរិស្ថានរបស់ប្រទេសកម្ពុជាផងដែរ»

លើកនេះក្រុមហ៊ុន Huawei ក៏បានប្រកាសពី «កម្មវិធីបណ្តុះបណ្តាលទេពកោសល្យ» ដោយប្តេជ្ញាចិត្ត ដើម្បីបណ្ដុះបណ្ដាលទេពកោសល្យផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា និងទូរគមនាគមន៍ចំនួន ១០០ រូប ជារៀងរាល់ឆ្នាំក្នុងរយៈពេល ៣ឆ្នាំខាងមុខទៀត ដើម្បីត្រៀមខ្លួនរួចជាស្រេចនៃការឈានចូលមកដល់ នៃយុគសម័យសេដ្ឋកិច្ចឌីជីថល របស់កម្ពុជានាពេលខាងមុខនេះ»

ក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុនឈានមុខគេលើពិភពលោក ក្នុងការផ្គត់ផ្គង់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា (ICT) ដែលបច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិកសរុបចំនួន ១៨៨,០០០នាក់ នៅទូទាំងពិភពលោកមានប្រតិបត្តិការអាជីរកម្មនៅបណ្តាជាង ១៧០ ប្រទេស និងតំបន់ក៏ដូចជាបម្រើសេវាកម្ម ដល់ប្រជាជនប្រមាណជាង ៣ ពាន់លាននាក់នៅទូទាំងពិភពលោក។ ក្រុមហ៊ុន Huawei បានចាប់ផ្តើមប្រតិបត្តិការធុរកិច្ចរបស់ខ្លួន នៅប្រទេសកម្ពុជា កាលពីឆ្នាំ១៩៩៩ នៅក្នុងឆ្នាំ២០២០នេះ គឺជាឆ្នាំទី២១ ហើយដែលក្រុមហ៊ុន Huawei បានធ្វើប្រតិបត្តិការនៅលើទីផ្សារកម្ពុជា មកទល់បច្ចុប្បន្នក្រុមហ៊ុន ហួវៃ មានបុគ្គលិកសរុបចំនួនជាង២០០ នាក់ ហើយ ៨០ភាគរយ គឺជានិយោជិកក្នុងស្រុក។

កម្មវិធី «គ្រាប់ពូជដើម្បីអនាគត» គឺជាគម្រោងទំនូលខុសត្រូវសង្គម ឬ CSR ជាសកលរបស់ក្រុមហ៊ុន Huawei។ កម្មវិធីនេះត្រូវបានធ្វើឡើងជាលើកដំបូងក្នុងឆ្នាំ២០០៨ ដែលជាគម្រោងវិនិយោគធំបំផុត របស់ក្រុមហ៊ុន ដើម្បីរួមចំណែកផ្តល់នូវឱកាសការងារក្នុងស្រុក និងក្នុងគោលបំណងជួយអភិវឌ្ឍទេពកោសល្យវ័យក្មេង ផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យានៅបណ្តាពិភពលោក។ គិតត្រឹមខែធ្នូ ឆ្នាំ២០១៩ គម្រោង «គ្រាប់ពូជដើម្បីអនាគត» មានការចូលរួមពី ១២៦ប្រទេស និងតំបន់ជុំវិញពិភពលោក ហើយមាននិស្សិតសរុបចំនួន៥,៧៧០ នាក់ បានចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សា អំពីបច្ចេកវិទ្យាព័ត៌មានវិទ្យានេះ៕