(មេនឆេស្ទើ)៖ កីឡាករខ្សែការពារ Luke Shaw នឹងអវត្តមានរយៈពេល ១ខែពីក្រុមបិសាចក្រហម Manchester United និងជម្រើសជាតិអង់គ្លេសផងដែរ ដោយសារបញ្ហារបួសសរសៃពួរដែលទទួលរងកាលពីសប្តាហ៍មុនពីប្រកួតក្នុងលីគ។

កីឡាករដែលលេងការពារស្លាបឆ្វេង វ័យ ២៥ឆ្នាំត្រូវបានប្តូរចេញនៅនាទី៦៧ បន្ទាប់ពីមានបញ្ហារបួសក្នុងជំនួបដែល Man Utd យកឈ្នះម្ចាស់ផ្ទះ Everton ៣-១ នៅកីឡដ្ឋាន Goodison Park នៅ Premier League កាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុន។

អតីតខ្សែការពារដែលត្រូវបានបិសាចក្រហមទិញពីក្លិប Southampton ខាងលើនេះទើបតែចូលលេងបាន ១០ប្រកួតឲ្យ Man Utd នារដូវកាលនេះ នឹងអវត្តមាន ៣ប្រកួតក្នុងលីគពេលប៉ះ West Brom, Southampton និង West Ham ជាមួយនឹងការប្រកួតនៅ UEFA Champions League ផងដែរដែលត្រូវប៉ះ Istanbul, PSG និង RB Leipzig ជាដើម។

បន្ថែមលើនេះ Luke Shaw ក៏អវត្តមានជួយក្រុមតោបីអង់គ្លេសលេងមិត្តភាពអន្តរជាតិទល់នឹងសាធារណរដ្ឋអៀរឡង់ និងលេងពាន UEFA Nations League ទល់នឹងប៊ែលហ្សិក និងអ៊ីស្លង់ទៀតផង៕