(ភ្នំពេញ)៖ ថ្មីៗនេះនៅលើទំព័របណ្តាញសង្គម Facebook ផ្លូវការរបស់ Park Café គេសង្កេតឃើញថា យីហោក្នុងស្រុកមួយនេះ បានដាក់ឲ្យដំណើរការសេវាកម្មដឹកជូនថ្មីមួយទៀត បន្ថែមពីសេវាកម្មដែលកំពុងដាក់បម្រើជូនអតិថិជន គឺសេវាកម្មដឹកជូនដល់ទីកន្លែង «30 Minutes Guarantee» ដែលមានន័យថា Park Café ធានាដឹកអាហារ ភេសជ្ជៈជូនអតិថិជនក្នុងរយៈពេលត្រឹមតែ ៣០នាទី តែប៉ុណ្ណោះ ក្នុងតំបន់ដែលកំណត់។ បើសិនលើសសូម្បីតែ ១នាទី Park Café ផ្តល់ជូនអតិថិជន FREE តែម្តង។

បើងាកមើលកាលពីដើមឆ្នាំ២០២០ Park Café ក៏បានដាក់ឲ្យដំណើរការនូវសេវាដឹកជូន Contactless Delivery Service ដែលមានន័យថា សេវាដឹកជូនដល់ទីកន្លែង ដែលមិនប៉ះពាល់ផ្ទាល់ជាមួយអតិថិជន ដែលតម្រូវឲ្យរាល់បុគ្គលិកទាំងអស់ រាប់ចាប់តាំងពីបុគ្គលិកក្នុងហាង រហូតដល់បុគ្គលិកផ្នែកដឹកជញ្ជូនអាហារដល់ទីកន្លែងរបស់អតិថិជន គឺតម្រូវឲ្យពាក់ស្រោមដៃ ពាក់ម៉ាស លាងដៃដោយទឹកសម្លាប់មេរោគជាញឹកញាប់ជាងមុន។

អ្វីដែលសំខាន់ជាងនេះទៅទៀត គ្រប់ថង់ដែលដាក់ជូនអតិថិជន មានភ្ជាប់ទៅជាមួយនូវបណ្ណធានាសុវត្ថិភាព (Safety Card) ដែលមានបញ្ជាក់អំពីសីតុណ្ហភាពរបស់បុគ្គលិកចម្អិនអាហារ និង បុគ្គលិកដឹកជញ្ជូនអាហារ ហើយបុគ្គលិកដឹកជញ្ជូនអាហារត្រូវរក្សាគន្លាតយ៉ាងហោច ២ម៉ែត្រ ពីអតិថិជននៅពេលប្រគល់អាហារជូនអតិថិជន ដោយដាក់អាហារនៅក្នុងប្រអប់ហើយតម្រូវឲ្យអតិថិជនមកយកដោយខ្លួនឯង។

ដើម្បីកាត់បន្ថយការប៉ះពាល់ផ្ទាល់ជាមួយសាច់ប្រាក់ អតិថិជនអាចជ្រើសយកការ Scan to Pay របស់ប្រព័ន្ធធនាគារ ឬ Park Café App តាមរយៈ QR Code ដែលមានដាក់នៅលើវិក័យបត្រស្រាប់៕