(ភ្នំពេញ)៖ ក្រុមបឹងកេត និងវិសាខា នឹងត្រូវបើកកំណត់ត្រាថ្មីក្នុងនាមក្រុមតំណាងកម្ពុជា ដែលមានប្រធានជាក្លិបជាស្ដ្រី ចូលរួមប្រកួតពានរង្វាន់ក្លិបបាល់ទាត់ជើងឯកអាស៊ី AFC Cup 2021។ ទន្ទឹមជាមួយគ្នា ថ្នាក់ដឹកនាំក្រុមទាងពីរក៏បានបង្ហាញពីការត្រៀមខ្លួនឲ្យបានកាន់តែល្អ ដើម្បីចូលរួមប្រកួតពានលំដាប់ទី២ ប្រចាំទ្វីបអាស៊ីនេះផងដែរ។

លោកស្រី ពុធ ធីតា ប្រធានក្លិបបឹងកេតបានលើកឡើងថា ក្រោយឆ្លងកាត់ព្យុះភ្លៀង វិបត្តិហិរញ្ញវត្ថុ ពិសេសអំឡុងវិបត្តិកូវីដ-១៩ រហូតទទួលបានជើងឯកលីគកំពូលកម្ពុជា សបញ្ជាក់ឲ្យឃើញពីឆន្ទៈរួមមួយដ៏អស្ចារ្យ ដើម្បីសម្រេចផ្លែផ្កាជាប្រវត្តិសាស្ដ្រនេះ។ ដូច្នេះលោកស្រី នឹងប្រើឆន្ទៈនេះ ក្នុងការត្រៀមខ្លួនឲ្យកាន់តែល្អ ដើម្បីចូលរួមប្រកួតពាន AFC Cup 2021។

ប្រធានក្លិបមានមូលដ្ឋាននៅបឹងស្នោររូបនេះបានបញ្ជាក់ថា «ចំពោះពានរង្វាន់ AFC Cup គឺជាលើកទី៤ សម្រាប់ក្លិប តែជាលើកទី១ សម្រាប់ខ្ញុំ។ ចឹងខ្ញុំមានឆន្ទៈថា នឹងរៀបចំក្រុមឲ្យបានល្អ ដើម្បីយើងទៅប្រកួតអន្ដរជាតិ និយាយរួមទៅឲ្យគេស្គាល់ថាខ្មែរក៏មិនធម្មតាដែរ យើងនឹងព្យាយាមឲ្យអស់ពីលទ្ធភាព»

ដោយឡែកលោក ហុក សុចិត្រា អ្នកចាត់ការទូទៅក្រុមវិសាខាដែលមានលោកជំទាវ កែ សួនសុភី ជាប្រធានក្លិបបានបញ្ជាក់ថា ក្រុមខ្លួនបានត្រៀមជាស្រេច ក្នុងយុទ្ធសាស្ដ្ររបស់ក្លិប ឆ្ពោះទៅរកប្រកួតអន្ដរជាតិ ពិសេសការប្រកួត AFC Cup។ លើសពីនេះ លោកក៏បានបង្ហើបពីការនាំចូលកីឡាករបរទេសមួយចំនួន ដើម្បីពង្រឹងក្រុមបន្ថែមផងដែរ។

លោកបន្ដថា «គោលដៅយើងបានទៅដល់ហើយ អញ្ចឹងយើងបានត្រៀមខ្លួនរួចជាស្រេច ចំពោះការប្រកួត AFC ទោះបីយ៉ាងណាគឺយើងត្រូវធ្វើឲ្យបានល្អសម្រាប់ការប្រកួតក្នុងដំណាក់កាលដំបូងរបស់ក្លិប»។ ពាក់ព័ន្ធនឹងការនាំចូលកីឡាករបរទេសវិញ លោកសង្កត់ធ្ងន់ថា «បាទ នឹងមាន! ហើយអំឡុងពេលកូវីដ-១៩ នេះ យើងនឹងធ្វើទៅតាមច្បាប់រាជរដ្ឋាភិបាល ប៉ុន្ដែចាំបាច់យើងត្រូវមាន ដើម្បីលទ្ធផល ដើម្បីជោគជ័យ យើងត្រូវមានផែនការនេះ»

គួរបញ្ជាក់ថា បឹងកេតក្នុងនាមក្រុមជើងឯកលីគកំពូលកម្ពុជា បានទទួលបានសិទ្ធិចូលរួមប្រកួតវគ្គចែកពូល (Group Stage) ខណៈក្រុមវិសាខាដែលគ្រងជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ទទួលបានសិទ្ធិចូលរួមប្រកួតវគ្គជម្រុះបឋម (Play-Off) នៃពានរង្វាន់ AFC Cup 2021។ នេះគឺជាលើកដំបូងហើយដែលក្លិបបាល់ទាត់កម្ពុជា ទទួលបានកៅអីចំនួន២ ដើម្បីចូលរួមប្រកួតពានប្រចាំទ្វីបអាស៊ីនេះ ដោយផ្អែកលើចំណាត់ថ្នាក់ក្លិបនៅ AFC និង AFF៕