(អាមេរិក)៖ ខណៈដែលព័ត៌មានបំភ្លៃពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នៅបន្តផុសផុលលើអ៉ីនធើណិត ក្រុមហ៊ុនបណ្តាញសង្គម Facebook នាថ្ងៃពុធសប្តាហ៍នេះ បានឲ្យដឹងថា បម្រាមលើការឃោសនានយោបាយលើវែបសាយរបស់ខ្លួន ទំនងជានឹងត្រូវបន្តអនុវត្តសម្រាប់រយៈពេលមួយខែទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។

បម្រាមខាងលើ ដែលជាចំណាត់ការមួយរបស់ Facebook ដើម្បីទប់ទល់ការបំភ្លៃព័ត៌មាន និងបញ្ហាដទៃទៀតនៅលើបណ្តាញសង្គមនេះ ពីដំបូងឡើយ គឺត្រូវអនុវត្តសម្រាប់រយៈពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ ក្រោយការបោះឆ្នោតនៅសហរដ្ឋអាមេរិក។ ប៉ុន្តែនៅចំពោះមុខស្ថានការណ៍បច្ចុប្បន្ន Facebook បានលើកឡើងថា បម្រាមនេះទំនងជានឹងត្រូវបន្ត១ខែទៀត ប៉ុន្តែក៏អាចមានឱកាសថា នឹងត្រូវដកចេញវិញបានឆាប់ជាងនេះផងដែរ។

គួរជម្រាបថា ការអះអាងដោយពុំមានមូលដ្ឋានច្បាស់លាស់ជាច្រើន បានរីករាលដាលនៅពាសពេញបណ្តាញទំនាក់ទំនងសង្គម ក្នុងសប្តាហ៍នេះ ខណៈដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅតែមិនទទួលស្គាល់សុពលភាពនៃលទ្ធផលបោះឆ្នោត បើទោះបីជាពុំមានការរាយការណ៍អំពីភាពមិនប្រក្រតីធំដុំណាមួយ ហើយក្រុមអ្នកជំនាញថែមទាំងបានព្រមានថា រូបលោកមានឱកាសតិចតួចបំផុត ក្នុងការកែប្រែជ័យជម្នះរបស់ប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន ក៏ដោយក្តី៕