(កំពង់ស្ពឺ)៖ គ្រួសារអេសស៊ីជី ៦២នាក់ បានចូលរួមដោយផ្ទាល់ ក្នុងការសាងសង់ទីធ្លារក្នុងបរិវេណសាលាដូង ស្ថិតក្នុងឧទ្យានជាតិគិរីរម្យ ដោយប្រើប្រាស់ដុំបេតុងប្រមាណ៣០តោន ពីរោងចក្របេតុងអេសស៊ីជី ដើម្បីជួយសម្រួលដល់សិស្សានុសិស្សឱ្យដើរ បានងាយស្រួលជាពិសេសក្នុងរដូវភ្លៀង ដែលនេះក៏ជាផ្នែកមួយនៃគោលការណ៍ SCG Circular Way ដែលបង្កើតឡើងដើម្បីជំរុញដល់ការបន្តប្រើប្រាស់ប្រើប្រាស់ឡើងវិញ ឬកែច្នៃប្រើប្រាស់ដើម្បីកាត់បន្ថយកាកសំណល់ ឱ្យស្ថិតក្នុងកម្រិតអប្បបរមា តាមរយៈការប្រើប្រាស់ឱ្យអស់លទ្ធភាព និងឱ្យបានជាអតិបរមានូវតម្លៃនៃធនធានដែលមានស្រាប់។

ក្នុងការចូលរួមចំណែកសាងសង់ទីធ្លារ ក្នុងបរិវេណសាលាដូងរបស់គ្រួសារ SCG កាលពីសប្តាហ៍មុននេះ លោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូងគិរីរម្យ បានឱ្យដឹងថា អ្វីដែលបានធ្វើការជាមួយគ្នារយៈពេល២ថ្ងៃនេះ គឺពិតជាទទួលបាននូវការជួយខ្លាំងទៅលើទីធ្លារក្មេងលេង ពេលគាត់ចេញពីរៀនហើយលេងទោះជាមានភ្លៀងគាត់នៅ តែអាចបន្តលេងដោយមិនបាច់ប្រលាក់ជើង ហើយមិនរអិលទៀតផង។

កិច្ចការដែលលោក និងគ្រួសារអេសស៊ីជីធ្វើនេះគឺដើម្បីតម្រង់ទៅជួយដល់បរិស្ថាន មានន័យថាយើងព្យាយាមប្រើរបស់ឱ្យអស់ពីលទ្ធភាព យើងជួយក្នុងរូបភាពដ៏ប្រសើរ ជាគំរូដល់ក្រុមហ៊ុនផ្សេងៗទៀតថា មុននឹងបោះបង់អី្វមួយចោលយើងត្រូវតែទម្លាក់វាចូលទៅកន្លែង ដែលត្រឹមត្រូវដើម្បីទាញយកប្រយោជន៍នៃការបោះបង់ហ្នឹងទៀត។ លោកក៏បានថ្លែងអំណរគុណយ៉ាងធំធេង សម្រាប់ការផ្តល់មកនូវដុំបេតុងនេះ និងអ្វីៗជាច្រើនទៀត។

លោក វិរោទ ផាណិជ្ជភោជម៉ាន (Wirot Phanitphotchamarn) នាយកផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន អេសស៊ីជី បានឱ្យដឹងដែរថា អេសស៊ីជី និង ខេ ស៊ីមេន ផ្តោត សំខាន់ទៅលើការប្រើប្រាស់ឱ្យអស់លទ្ធភាព ដែលហៅថា SCG Circular Way ហើយដោយដឹងថា សាលាដូងក៏មានការកែច្នៃប្រើប្រាស់សំរាមឱ្យក្លាយជារបស់ មានប្រយោជន៍ ដែលនេះជាគោលដៅដូចគ្នាទៅនឹង អេសស៊ីជី។ អេសស៊ីជី សង្ឃឹមថា ការចូលរួមមួយដែលល្អបែបនេះអាចចាត់ទុកជាចំណុចចាប់ផ្តើម ដើម្បីក្រើនរំលឹក ដល់ប្រជាជនទាំងអស់ឱ្យព្យាយាប្រើអ្វីមួយឱ្យអស់ពីលទ្ធភាពសម្រាប់សង្គមតទៅ។

បន្ថែមពីលើសកម្មភាពទំនួលខុសត្រូវសង្គមផ្សេងៗជាច្រើន គ្រួសារអេសស៊ីជី បានបន្តចូលរួមធ្វើអំពើល្អសម្រាប់សង្គម និងអនាគតប្រទេសកម្ពុជា ដូចដែលគ្រប់គ្នានៅ អេសស៊ីជី តែងប្រើពាក្យមួយឃ្លាថា «រឹងមាំទាំងអស់គ្នា ដើម្បីអនាគតកម្ពុជាកាន់តែប្រសើរ»

សូមបញ្ជាក់ថា SCG គឺជាក្រុមហ៊ុនពហុសាជីវកម្មដ៏ធំមួយក្នុងតំបន់អាស៊ាន ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់សហគមន៍ជាញឹកញាប់ តាមរយៈសកម្មភាពសង្គម របស់ខ្លួនទាំងផ្នែកអប់រំ ផ្នែកសុខាភិបាល និងផ្នែកបរិស្ថានជាដើម៕