(ចិន)៖ ក្រុមហ៊ុនលក់ទំនិញអនឡាញយក្សរបស់ចិន Alibaba បានរៀបចំព្រឹត្តិការណ៍លក់បញ្ចុះតម្លៃ Singles’ Day ឬ 11/11 កាលពីថ្ងៃទី១១ ខែវិច្ឆិកាម្សិលមិញនេះ ដោយទទួលបានប្រាក់ចំណូលខ្ពស់បំផុតរហូតដល់ជាង ៧៤ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Business Insider នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រុមហ៊ុនចិនមួយនេះ បានចាប់ផ្ដើមលក់បញ្ចុះតម្លៃនូវរាល់មុខទំនិញជាច្រើន ចាប់ពីថ្ងៃទី០១ វិច្ឆិកា ហើយនៅថ្ងៃទី១១ វិច្ឆិកាម្សិលមិញនេះ គឺជាការលក់បញ្ចុះតម្លៃដ៏សម្បើម និងច្រើនសន្ធឹកទៅលើផលិតផល និងទំនិញជាច្រើនមុខ ហើយអតិថិជនជាច្រើនបានសម្រុកទិញនៅតាម ហាង ឬការបញ្ជាទិញតាមអនឡាញ ដោយជាលទ្ធផលសរុបទទួលបានប្រាក់ចំណូល ៧៤ពាន់លានដុល្លារ។

ពុំទាន់មានរបាយការណ៍ស្ដីអំពីមុខទំនិញណាមួយដែលលក់បានច្រើនជាងគេនោះទេ គ្រាន់តែដឹងថានៅពេលនេះ ផ្សារហ៊ុនរបស់ Alibaba បានកើនឡើងវិញ បន្ទាប់ពីធ្លាក់ចុះប្រមាណ ១០ភាគរយ ក្រោយពេលរដ្ឋាភិបាលបានចេញច្បាប់ថ្មី ដែលនាំឱ្យមានពាក់ព័ន្ធដល់ក្រុមហ៊ុន Alibaba ជាពិសេសគឺពាក់ព័ន្ធនឹងលក់ IPO របស់ក្រុមហ៊ុន Ant Group៕