(កូរ៉េ)៖ ក្រុមចម្រៀងបុរសល្បីឈ្មោះរបស់កូរ៉េ GOT7 បានវាយលុកកចំនួនអ្នកចូលទស្សនា ក្នុងយូធូបជាលើកដំបូងរបស់ពួកគេ ជាមួយចម្រៀង «Just Right» មានអ្នកចូលទស្សនារហូតដល់ ៣៥០លានដង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានកូរ៉េ Soompi នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។

នៅថ្ងៃទី១២ ខែវិច្ឆិកា ពេលវេលាម៉ោង ១០៖០៤ នាទីព្រឹក (ម៉ោងនៅកូរ៉េ) MV ចម្រៀង «Just Right» របស់ក្រុមចម្រៀង GOT7 បានកើនឡើងចំនួនអ្នកចូលទស្សនា ក្នុងយូធូបរហូតដល់ទៅ ៣៥០លានដង ខណៈចំនួនដ៏ច្រើននេះ បានធ្វើឲ្យក្រុម GOT7 ទទួលបានភាពជោគជ័យមួយ និងជាលើកដំបូងសម្រាប់ក្រុមពួកគេ។

គួរជម្រាបថា MV ចម្រៀង «Just Right» របស់ GOT7 ត្រូវបានបញ្ចេញនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ បានន័យថាចម្រៀងមួយនេះ ប្រើរយៈពេល ៥ឆ្នាំ ៣ខែ និង៣០ថ្ងៃ ដើម្បីទទួលបានចំនួនអ្នកចូលទស្សនាយ៉ាងច្រើនដូចពេលនេះ៕