(ប៉េកាំង)៖ យានមុជទឹកជម្រៅជ្រៅស៊េរីថ្មីរបស់ចិន ដែលអាចដឹកមនុស្សបានឈ្មោះថា Fendouzhe ឬ Striver កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានបំបែកកំណត់ត្រាថ្មីមួយ តាមរយៈការធ្វើដំណើរចុះទៅដល់ជម្រៅ ១០,៩០៩ម៉ែត្រ នៅអន្លង់ Mariana Trench ក្រោមផ្ទៃមហាសមុទ្រប៉ាស៉ីហ្វិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CGTN នៅថ្ងៃពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។

ទីតាំងមួយគេហៅថា Challenger Deep នៅក្រោមអន្លង់ Mariana ត្រូវគេចាត់ទុកថា ជាចំណុចជ្រៅជាងគេនៃមហាសមុទ្រនៅលើផែនដី។ ទីតាំងនោះមានជម្រៅប្រមាណ១១គីឡូម៉ែត្រ។ យាន Fendouzhe បានធ្វើដំណើរជាលើកដំបូងមកកាន់តំបន់ Mariana Trench តាមនាវាមេរបស់វាគឺ Exploration 2 កាលពីខែតុលាកន្លងទៅ។ នៅថ្ងៃទី២៧ ខែតុលា វាក៏ចុះបានជម្រៅ ១០,០៥៨ម៉ែត្រម្តងរួចមកហើយផងដែរ។

យាន Fendouzhe អាចដឹកអ្នកដំណើរបាន៣នាក់ ដើម្បីធ្វើការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្រ្តក្រោមផ្ទៃសមុទ្រនៅជម្រៅជ្រៅៗ ហើយអាចធ្វើប្រតិបត្តិការបានប្រហែល១០ម៉ោង។

គួរជម្រាបថា កាលពីខែមិថុនា ឆ្នាំ២០១២ យានមុជទឹកដែលអាចដឹកមនុស្សបានដំបូងបំផុតរបស់ចិនឈ្មោះ Jiaolong មុជចុះបានជម្រៅ ៧,០៦២ម៉ែត្រនៅអន្លង់ Mariana ហើយក្រោយមកទៀតយានមុជទឹកទីពីររបស់ចិនឈ្មោះ Shenhai Yongshi មុជចុះបានជម្រៅប្រមាណ ៤,៥០០ម៉ែត្រ៕