(អាមេរិក)៖ ក្រុមហ៊ុនអាកាសចរណ៍របស់សហរដ្ឋអាមេរិក American Airlines បានឲ្យដឹងថា ខ្លួនបានដំណើរការជើងហោះហើរដឹកអ្នកដំណើរ ទៅកាន់ប្រទេសចិនឡើងវិញហើយនាថ្ងៃពុធសប្តាហ៍នេះ នាំឱ្យចំនួនជើងហោះហើរប្រចាំសប្តាហ៍របស់អាមេរិកទៅចិនកើនដល់១០ ខណៈរដ្ឋាភិបាលអាមេរិកកំពុងព្យាយាមជំរុញ ឱ្យមានសកម្មភាពអាកាសចរណ៍បន្ថែមទៀត រវាងមហាយក្សសេដ្ឋកិច្ចទាំងពីរ។ នេះបើតាមការដក ស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។

កាលពីខែមិថុនា ឆ្នាំ២០២០ អាមេរិកនិងចិនបានព្រមព្រៀងគ្នាលើ ការចាប់ផ្តើមឱ្យមានជើងហោះហើរប្រចាំសប្តាហ៍រវាងប្រទេសទាំងពីរ ចំនួន៤ជើងសម្រាប់ភាគីម្ខាងៗ ក្រោយពីការធ្វើដំណើរត្រូវបានផ្អាកអស់ជាច្រើនខែ ដោយសារតែការផ្ទុះរីករាលដាលនៃជំងឺ COVID-19។ មកដល់ខែសីហា ឆ្នាំ២០២០ ភាគីទាំងពីរក៏បានបង្កើនចំនួនជើងហោះហើរប្រចាំសប្តាហ៍ដល់៨ជើង។ ឥឡូវក្រុមហ៊ុនអាកាសចរណ៍របស់អាមេរិក អាចធ្វើប្រតិបត្តិការសរុបបានដល់១០ជើង ក្នុងមួយសប្តាហ៍ទៅកាន់ប្រទេសចិន។

អាកាសចរណ៍ American Airlines បានបញ្ជាក់ថា ជើងហោះហើរលើកទីមួយរបស់ខ្លួនទៅកាន់ចិន បើគិតចាប់តាំងតែពីខែកុម្ភៈមក គឺបានចាកចេញពីអាកាសចរណ៍អន្តរជាតិ DFW ក្នុងរដ្ឋតិចសាស់នាថ្ងៃពុធសប្តាហ៍នេះ ឆ្ពោះទៅកាន់អាកាសយានដ្ឋាន Pudong ក្នុងទីក្រុងសៀងហៃ ដោយកាត់តាមទីក្រុងសេអ៊ូលរបស់កូរ៉េខាងត្បូង។

គួរជម្រាបថា សម្រាប់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក United Airlines និង Delta Air Lines កំពុងធ្វើប្រតិបត្តិការដឹកអ្នកដំណើរចំនួន៤ជើងដូចគ្នាក្នុងមួយសប្តាហ៍ ទៅកាន់ប្រទេសចិន៕