(ភ្នំពេញ)៖ ដោយសារតែវិបត្តិកូវីដ១៩ គ្រប់កម្មវិធីធំជាច្រើននៅលើពិភពលោកនេះ ត្រូវបានផ្អាកជាបណ្តោះអាសន្ន។ យ៉ាងណាមិញ សម្រាប់ការប្រឡងបវរកញ្ញាចក្រវាឡកម្ពុជា ឆ្នាំ២០២០វិញ មានការបញ្ជាក់ថា គឺមិនបានផ្អាកការប្រឡងជ្រើសរើសបេក្ខនារីទេ តែផ្ទុយទៅវិញ គឺប្រឡងបិទទ្វារ ពោលគឺមានតែបេក្ខនារីប៉ុណ្ណោះ មិនមានការចូលរួមពីទស្សនិកជនឡើយ។ ការរៀបចំប្រឡងបិទទ្វារនេះ ក៏ព្រោះតែដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

លោក ម៉ែន និមលរតន៍ អ្នករៀបចំកម្មវិធី ប្រឡងបវរកញ្ញាចក្រវាឡកម្ពុជា បានថ្លែងប្រាប់ Fresh News Plus ថា សម្រាប់ការប្រឡងជ្រើសរើសបេក្ខនារី ដើម្បីយកតំណាងកម្ពុជាទៅប្រឡងលើឆាកអន្តរជាតិ ក្នុងកម្មវិធី «Miss Universe» គឺត្រូវបានរៀបចំឡើង ជាលក្ខណៈបិទទ្វារ។ នេះជាលើកទី១ហើយ ដែលមានការប្រឡងជ្រើសរើសបរវកញ្ញាជាលក្ខណៈបិទទ្វារនេះ ហើយក្នុងកាលៈទេសៈនេះ ក៏មិនមែនមានតែប្រទេសកម្ពុជាដែរ ពោលគឺគ្រប់បណ្តាប្រទេសដទៃទៀត គឺសុទ្ធតែប្រឡងបិទទ្វារដូចគ្នា ត្បិតថាពិភពលោកទាំងមូលកំពុងជួបវិបត្តិកូវីដ១៩។

លោកបន្តថា ដំបូងឡើងគឺរៀបចំលិខិតដើម្បីអញ្ជើញភ្ញៀវកិត្តិយសមកចូលរួមកម្មការប្រឡង បវរកញ្ញាចក្រវាឡកម្ពុជា ឆ្នាំ២០២០ ប៉ុន្តែដោយសារតែថ្មីៗនេះ ជំងឺកូវីដ១៩ បានផ្ទុះឡើងជាថ្មី ទើបតម្រូវឲ្យរៀបចំការប្រឡងបិទទ្វារ។ ការជ្រើសរើសបែបនេះ គឺដើម្បីចូលរួមអនុវត្តន៍ឲ្យមានប្រសិទ្ធភាពតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រោះក្នុងកម្មវិធីប្រឡងទាំងមូល គឺមានការរក្សារគម្លាតរវាងបេក្ខនារីម្នាក់ទៅម្នាក់ មានការលាងសំអាតដៃត្រឹមត្រូវ និងវាស់កំដៅផងដែរ។

គួរជម្រាបថា ប្រឡងបវរកញ្ញាចក្រវាឡកម្ពុជា ឆ្នាំ២០២០ ចាប់ផ្តើមប្រឡងជាលក្ខណៈបិទទ្វារនេះ គឺដល់វគ្គបឋម ខណៈការប្រកួតផ្តាច់ព្រ័ត្រនឹងរៀបចំឡើងនៅថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០២០។ តែយ៉ាងណា លោក និមលរតន៍ មិនបានបញ្ជាក់លំអិតទេថា តើវគ្គផ្តាច់ព្រ័ត្រ នឹងនៅតែបន្តប្រកួងបិទទ្វារ ដោយគ្រាន់ដែលផ្សាយតាមទូរទស្សន៍ដដែលឬយ៉ាងណា ពោលគឺលោកថា អាស្រ័យទៅតាមស្ថានការណ៍កូវីដ១៩៕