(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់អាស៊ី(AFC) បានកំណត់កាលបរិច្ឆេទថ្មី នៃការប្រកួតជើងឯកយុវជនអាស៊ីអាយុក្រោម ១៩ឆ្នាំ AFC U19 Championship 2020 នៅប្រទេសអូបេគីស្ថាន រួចហើយ ដែលគ្រោងប្រកួតនាខែមីនា ឆ្នាំ២០២១ ខាងមុខ បន្ទាប់ពីពន្យាពេលការប្រកួតម្ដង កាលពីពេលថ្មីៗ ដោយការព្រួយបារម្ភពីវិបត្តិកូវីដ-១៩។

យោងតាមការជូនដំណឹងរបស់ AFC កាលពីម្សិលមិញ កាលបរិច្ឆេទថ្មី នៃការប្រកួតជុំផ្ដាច់ព្រ័ត្រពាន AFC U19 Championship 2020 ដែលមានវត្តមានក្រុមគោព្រៃជំទង់កម្ពុជាចូលរួមផងនោះ នឹងប្រកួតពីថ្ងៃទី០៣-២០ ខែមីនា ឆ្នាំ២០២១ ពោលគឺមានរយៈពេល ១៨ថ្ងៃ ដូចកាលបរិច្ឆេទចាស់ ដែលគ្រោងប្រកួតកាលពីថ្ងៃទី១៤-៣១ ខែតុលា ឆ្នាំ២០២០ កន្លងទៅ។

សូមរំឮកថា សម្រាប់បេសកកម្មជាប្រវត្តិសាស្ដ្ររបស់ក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា ក្នុងព្រឹត្តិការណ៍ប្រចាំទ្វីបអាស៊ីនេះ គឺកម្ពុជាស្ថិតក្នុងពូល A ជាមួយក្រុមម្ចាស់ផ្ទះអូបេគីស្ថាន ឥណ្ឌូនេស៊ី និងក្រុមខ្លាំងអ៊ីរ៉ង់ ។ នេះគឺជាលើកទី៤ ហើយ ដែលក្រុមគោព្រៃជំទង់កម្ពុជា បានឈានដល់ជុំផ្ដាច់ព្រ័ត្រ ក្រោយខកខានអស់រយៈពេល ៤៥ឆ្នាំ បើគិតពីឆ្នាំ១៩៧៤ មកទល់បច្ចុប្បន្ន៕