(ភ្នំពេញ)៖ ក្រុមហ៊ុន Smart Axiata នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញផ្សាយរបាយការណ៍និរន្តរភាព ឆ្នាំ២០១៩ របស់ខ្លួន ក្រោមចំណងជើងថា «បង្កើនគុណភាពជីវិត និងទ្រទ្រង់និរន្តរភាពសហគមន៍» ដែលបង្ហាញពីការចូលរួមចំណែករបស់ក្រុមហ៊ុន ទៅលើសេដ្ឋកិច្ចជាតិ កម្មវិធីអនុវត្តប្រកបដោយនិរន្តរភាព និងកម្មវិធីទំនួលខុសត្រូវសង្គម ដើម្បីអភិវឌ្ឍសហគមន៍នៅទូទាំងកម្ពុជា។

ក្នុងឆ្នាំ២០១៩ ក្រុមហ៊ុន Smart បានចូលរួមចំណែកជាទឹកប្រាក់ចំនួន ៤៥៩លានដុល្លារ ដល់សេដ្ឋកិច្ចជាតិរបស់កម្ពុជា (ស្មើ១,៧ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា) ដោយបានចូលរួមទ្រទ្រង់ការងារដោយផ្ទាល់ និងដោយប្រយោល ចំនួន៥ម៉ឺនការងារ នៅទូទាំងខ្សែសង្វាក់អាជីវកម្មរបស់ខ្លួន។ ក្រុមហ៊ុន បានបង់ពន្ធចំនួន ៩៤ លានដុល្លារលើពន្ធអាករ និងកម្រៃនិយ័តកម្ម ដោយការបង់ពន្ធនេះតែឯងមានចំនួន២,១% នៃចំណូលពន្ធលើថវិកាជាតិសរុប។

តាមរយៈការចូលរួមចំណែកដល់មូលនិធិកាតព្វកិច្ចសេវាសកលវិស័យទូរគមនាគមន៍ (USO), មូលនិធិកសាងសមត្ថភាព និងការស្រាវជ្រាវ, ការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (CBRD) ក្រុមហ៊ុនក៏បានបង់ប្រាក់ទំហំ ៣ភាគរយ នៃប្រាក់ចំណូលដុលរបស់ខ្លួនរៀងរាល់ឆ្នាំ ដល់គម្រោងនានាជាច្រើន ដែលជំរុញហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតចល័ត និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង ដែលក្រុមហ៊ុនត្រូវបានទទួលស្គាល់ថាជា «អ្នកផ្ដល់វិភាគទានល្អបំផុត សម្រាប់មូលនិធិ CBRD» ក្នុងឆ្នាំ២០១៩។

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានឱ្យដឹងថា «ការគោរពតាមការប្តេជ្ញាចិត្តរបស់យើង ចំពោះការអភិវឌ្ឍប្រទេសជាតិ តាមរយៈការបំពេញកាតព្វកិច្ចពន្ធ និងកម្រៃនិយ័តកម្ម ជាចំនុចសំខាន់បំផុតនៃប្រតិបត្តិការអាជីវកម្មរបស់យើងខ្ញុំ»។កិច្ចការនិរន្តរភាពដែលសម្រចបានកន្លងមក គឺបាននាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើនជូនដល់សហគមន៍នានា ក្នុងនោះរួមមាន ការគាំទ្រចំពោះអក្ខរកម្មឌីជីថល ការអប់រំឌីជីថល កីឡា និងការការពារបរិស្ថាន បានជួយបង្កើតនូវភាពរឹងមាំ និងផ្ដល់ឱកាសជាច្រើនជូនដល់យុវជនជំនាន់ក្រោយដែលជាអ្នកកំណត់អនាគតនៃកម្ពុជា។

លោកបន្ដថា «បន្ថែមលើប្រតិបត្តិការអាជីវកម្មប្រកបដោយនិរន្តរភាពរបស់ក្រុមហ៊ុន យើងខ្ញុំនឹងខិតខំឲ្យកាន់តែខ្លាំងជាងនេះទៀត ដើម្បីជួយបង្កើតប្រព័ន្ធអេកូឡូស៊ីបែបបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា តួយ៉ាងការត្រៀមខ្លួនជាស្រេច ក្នុងការដាក់ឲ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៥ (5G) របស់យើងខ្ញុំ»

ក្នុងខែកក្កដា ឆ្នាំ២០១៩ ក្រុមហ៊ុន Smart Axiata បានធ្វើតេស្តសាកល្បងសេវាបច្ចេកវិទ្យាជំនាន់ទី៥ (5G) ប្រកបដោយភាពជោគជ័យ ដែលនេះបង្ហាញពីភាពឈានមុខគេរបស់ក្រុមហ៊ុន ក្នុងវិស័យទូរគមនាគមន៍ ហើយក៏ជាក្រុមហ៊ុនដំបូងគេបង្អស់នៅកម្ពុជា ដែលបានដាក់ដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ (4G) ក្នុងឆ្នាំ២០១៤ និង4G+ ក្នុងឆ្នាំ២០១៦ បន្ទាប់មក 4G+ HD Voice (VoLTE) ក្នុងឆ្នាំ២០១៧ និង 4.5G ក្រោយមកទៀត ក្នុងឆ្នាំដដែល។

ក្រុមហ៊ុនក៏បានបំរុងថវិកាច្រើនជាង ១ភាគរយនៃប្រាក់ចំណូលដុលប្រចាំឆ្នាំ ដែលមានទឹកប្រាក់ច្រើនជាង ៣លានដុល្លារ សម្រាប់ដំណើរកម្មវិធីទំនួលខុសត្រូវសង្គម ដូចជាកម្មវិធីគាំទ្រនិងអភិវឌ្ឍន៍ក្នុងវិស័យអប់រំ បរិស្ថាន កីឡា សហគមន៍ ការច្នៃប្រឌិតបច្ចេកវិទ្យា និងកម្មវិធីនានាជាច្រើន។ ដោយឡែក តាមរយៈមូលនិធិវិនិយោគលើអាជីវកម្មបែបឌីជីថល ក្រុមហ៊ុនបាននឹងកំពុងវិនិយោគថវិកាចំនួន២លានដុល្លារ លើអាជីវកម្មឌីជីថលទើបបង្កើតថ្មីចំនួន៨នៅកម្ពុជា ដែលបានបង្កើតការងារជាង១,៤០០កន្លែង និងបង្កើតបានប្រាក់ចំណូលសរុប ២,៧លានដុល្លារ ដោយផ្ដោតសំខាន់លើបច្ចេកវិទ្យាដូចជា IOT និង chatbots។

លើសពីនេះ ក្នុងឆ្នាំ២០១៩ ក្រុមហ៊ុនក៏បានចាប់ដៃគូជាមួយក្រុមហ៊ុន Google និង GSMA ដែលជាសមាគមពាណិជ្ជកម្មវិស័យទូរគមនាគមន៍សាកល ដាក់ឲ្យដំណើរការសាកល្បងកម្មវិធីអក្ខរកម្មឌីជីថល និងសុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិតដល់សិស្សវិទ្យាល័យចំនួន១,៥០០នាក់ ក្នុងខេត្តចំនួនបីនៃកម្ពុជា។ កម្មវិធីនេះ មានការគាំទ្រពីសំណាក់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយទទួលបានចំនួនអ្នកចូលមើលតាមអនឡាញចំនួន២លាន៨សែននាក់ តាមរយៈយុទ្ធនាការវីដេអូអនឡាញ។ កម្មវិធីនេះក៏ទទួលបានពានរង្វាន់ពីស្ថាប័ន Asia Responsible Enterprise ក្នុងប្រភេទ «ផ្ដល់អំណាចសង្គម» កាលពីខែកញ្ញា ឆ្នាំ២០២០។

ក្រុមហ៊ុន Smart ក៏បានបន្តដាក់ឲ្យដំណើរការកម្មវិធីអប់រំ និងអភិវឌ្ឍន៍ដោយផ្តោតលើប្រព័ន្ធឌីជីថលប្រកបដោយជោគជ័យសម្រាប់ឆ្នាំ២០១៩ រួមមានកម្មវិធី SmartStart និងកម្មវិធី SmartEdu ខណៈក្រុមហ៊ុនក៏គាំទ្រដល់ កម្មវិធី hackathons នៅទូទាំងប្រទេសផងដែរ ដើម្បីធានាថាយុវជនកម្ពុជាអាចទទួលបានកម្មវិធីអប់រំ និងបណ្តុះ បណ្តាលបែបឌីជីថលល្អបំផុតនៅកម្ពុជា។ ក្រុមហ៊ុនក៏បានចូលរួមបរិច្ចាគថវិកាចំនួន២០ម៉ឺនដុល្លារ ដើម្បីរៀបចំការប្រគំតន្ត្រីសប្បុរសធម៌ សម្រាប់ជួយគាំទ្រដល់មូលនិធិគន្ធបុប្ផា និងមន្ទីរពេទ្យគន្ធបុប្ផា។

លោក ថូម៉ាស ហ៊ុន បានបន្ថែមទៀតថា បើទោះបីជាឆ្នាំ២០២០ មានបញ្ហាប្រឈមធ្ងន់ធ្ងរមិនធ្លាប់មានពីមុនមកក្ដី ក្រុមហ៊ុន Smart Axiata នៅតែបន្តបង្កើតផលវិជ្ជមានជាច្រើន ក្នុងពេលវេលាដ៏លំបាក និងមិនប្រាកដប្រជានាពេលនេះ ធ្វើយ៉ាងណា ដើម្បីឲ្យសេដ្ឋកិច្ចសង្គមអាចងើបឡើងវិញ ហើយយើងទាំងអស់គ្នាអាច ងើបឡើងឆ្ពោះទៅមុខជាមួយគ្នាទូទាំងប្រទេស៕