(អាមេរិក)៖ លោក Albert Bourla នាយកប្រតិបត្តិក្រុមហ៊ុនផលិតឱសថដ៏ធំរបស់អាមេរិក Pfizer និងជាក្រុមហ៊ុនដែលទើបតែប្រកាស ពីភាពជោគជ័យក្នុងការផលិតវ៉ាក់សាំងកូវីដ-១៩ ត្រូវបានរាយការណ៍មកថា បានលក់ភាគហ៊ុនកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ដោយ ទទួល បានប្រាក់ប្រមាណ ៥.៦លានដុល្លារអាមេរិក។

យោងតាមការចេញផ្សាយរបស់ CNN នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Bourla បានលក់ភាគហ៊ុនចំនួន ១៣២៥០៨ហ៊ុន ដែលមាននៅក្នុងក្រុមហ៊ុន Pfizer ដោយក្នុងនោះមានតម្លៃ ៤១.៩៤ដុល្លារ ក្នុងមួយហ៊ុន ហើយបើតាមការបញ្ជាក់ របស់ គណៈកម្មការមូលបត្រអាមេរិកបានឱ្យដឹងថា លោកទទួល ៥.៦លានដុល្លារអាមេរិក ពីការលក់ហ៊ុននេះ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Pfizer បានបញ្ជាក់ថា ដោយសារតែភាគហ៊ុនរបស់ក្រុមហ៊ុន Pfizer កើនឡើងថ្លៃដល់ចំណុចមួយតាមផែនការ ដែលបានកំណត់ទុក ហើយផែនការនោះគឺត្រូវបានលោក Bourla ជាអ្នកកំណត់ដោយផ្ទាល់កាលពីខែសីហាកន្លងទៅ។

ជាមួយគ្នានោះផងដែរ លោក Sally Susman អនុប្រធានក្រុមហ៊ុន ក៏បានលក់ហ៊ុនចំនួន ៤២៦៦២ហ៊ុន ក្នុងតម្លៃ ៤១.៩៤ដុល្លារក្នុងមួយហ៊ុនដូចគ្នា និងទទួលបានប្រាក់ ១.៨លានដុល្លារអាមេរិក។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Pfizer បានប្រកាសពីភាគជោគជ័យក្នុងការផលិតវ៉ាក់សាំងកូវីដ-១៩ រហូតដល់ទៅ ៩០ភាគរយ នៃកម្រិត ដែល មានប្រសិទ្ធភាពខ្ពស់៕