(ក្រុងឡុងដ៍)៖ ក្រុមតោ៣ អង់គ្លេសបានបញ្ចប់ការលេងមិនឈ្នះសាធារណរដ្ឋអៀរឡង់ តាមរយៈយកឈ្នះ ៣-០ នៅកីឡដ្ឋាន Wembley ពីជំនួបមិត្តភាពអន្តរជាតិនារាត្រីថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។

នេះក៏ជាការរកបានជ័យជម្នះលើកដំបូងទៅលើអៀរឡង់ គិតចាប់តាំងពីឆ្នាំ១៩៨៥មក ពីការជួបគ្នាចំនួន ៧ដងលេងមិនឈ្នះអៀរឡង់ទាល់តែសោះ ទាំងប្រកួតមិត្តភាពអន្តរជាតិ និងប្រកួតពានធំៗជាដើម។

ក្រុមដែលដឹកនាំដោយគ្រូបង្វឹកក្នុងស្រុក Gareth Southgate បានព្យាយាមដាក់កីឡាករយុវជនចូលលេងច្រើន ក្នុងនោះក៏មានកីឡាករវ័យទើបតែ ១៧ឆ្នាំ Jude Bellingham ដែលជ្រើសចេញពីក្លិប Borussia Dortmund ដើម្បីចាប់ដៃគូជាមួយ Jadon Sancho, Calvert-Lewin និង Jack Grealish ដើម្បីទម្លុះសំណាញ់ទីអៀរឡង់ មុនធ្វើដំណើរទៅប៉ះប៊ែលហ្សិក នៅ Nations League នារាត្រីថ្ងៃអាទិត្យជាបន្តទៀត។

ខ្សែការពារ Harry Maguire, Sancho និង Calvert-Lewin រកបានម្នាក់ ១គ្រាប់ជួយក្រុមតោបីអង់គ្លេសលេងមិនចាញ់ក្នុងដីនាឆ្នាំ២០២០ នេះ ហើយក៏ជាក្រុមដែលមិនទាន់ចាញ់នៅពានលីគអឺរ៉ុប UEFA Nations League ផងដែរ៕