(ភ្នំពេញ)៖ ក្លិបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសផ្អាកការប្រមូលផ្ដុំក្រុមយុវជនគ្រប់កម្រិត ទាំងយុវជនថ្នាល និងសាលាបាល់ទាត់របស់ខ្លួន ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

ជុំវិញការផ្អាកសកម្មភាពប្រមូលផ្ដុំយុវជន នៅកីឡដ្ឋាន Smart RSN ធ្វើឡើងដោយគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសក្រោយព្រឹត្តិការណ៍ ៣វិច្ឆិកា ដែលនាំឲ្យក្លិបសិង្ហក្រហមនេះ ប្រកាសផ្អាកការប្រមូលផ្ដុំយុវជនគ្រប់កម្រិតតែម្ដង។

គួរបញ្ជាក់ថា មុនក្លិបភ្នំពេញក្រោន សម្រេចផ្អាកការប្រមូលផ្ដុំយុវជន សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានប្រកាសផ្អាកការប្រកួតគ្រប់ព្រឹត្តិការណ៍របស់ខ្លួនដែរ រួមមានលីគទី២ កម្ពុជា, លីគនារី, ការប្រកួតជម្រើសជើងឯកយុវជនអាយុក្រោម ១៥ឆ្នាំ និងអាយុក្រោម ១៨ឆ្នាំ និងពានរង្វាន់បាល់ទាត់ក្នុងសាលជាដើម៕