(ភ្នំពេញ)៖ នៅថ្ងៃស្អែកនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា នឹងរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២០ តាមរយៈប្រព័ន្ធអនឡាញ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ១៤-១៥ ខែវិច្ឆិកាស្អែកនេះ។

គោលបំណងនៃការរៀបចំពិព័រណ៍នេះ ដើម្បីរួមចំណែកគាំទ្រដល់ភាគីពាក់ព័ន្ធ ក្នុងទីផ្សារការងារ ពិសេសនិយោជក ដែលកំពុងមានតម្រូវការកម្លាំងពលកម្ម ដែលកំពុង មានសំទុះតម្រូវការងើបឡើងវិញ នៅតាមវិស័យមួយចំនួន ទោះបីរងការគំរាមកំហែងដោយកូវីដ-១៩។ ការរៀបចំនេះ គឺជាការចូលរួមចំណែករបស់ NEA ប្រកបដោយ ភាពបត់បែន ក្នុងការបង្កើនការយកចិត្តទុកដាក់ខ្ពស់ លើវិធានការអនាម័យ និងសុខភាព ស្របតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល។

ពិព័រណ៍ការងារអនឡាញនេះ នឹងដើរតួនាទីជាអន្តរការីយ៉ាងសកម្ម ក្នុងរក្សាតុល្យភាពការងារ នៅក្នុងទីផ្សារការងារកម្ពុជាបច្ចុប្បន្ន ដោយផ្តល់នូវជម្រើសងាយស្រួល ដោយនិយោជក និងអ្នកស្វែងរកការងារ អាចដាក់ពាក្យតាមប្រព័ន្ធអនឡាញ ដោយចូលទៅកាន់គេហទំព័រពិព័រណ៍ការងារឈ្មោះ www.careerfair.nea.gov.kh ដើម្បីមើលព័ត៌មានជ្រើសរើសបុគ្គលិក ស្វែងយល់អំពីក្រុមហ៊ុនធំៗដែលតាំងបង្ហាញ និងដាក់ពាក្យផ្ទាល់នៅលើវេបសាយនោះតែម្តង។

ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមថានិយោជក និងអ្នកស្វែងរកការងារបន្តគាំទ្រ និងទទួលបានអត្ថប្រយោជន៍ ពីពិព័រណ៍ការងារនេះ ស្របពេលយើងទាំងអស់គ្នាត្រូវចូលរួមយ៉ាងសកម្មក្នុងការជំរុញ ដំណើរការទីផ្សារការងារឲ្យប្រព្រឹត្តិទៅដោយរលូន រក្សាសុខភាពអនាម័យ និងបង្ការកូវីដ-១៩។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ 017 467 423 / 017 871 807 / 096 2155 162 រឺ www.careerfair.nea.gov.kh ៕