(ភ្នំពេញ)៖ ក្រុមហ៊ុនកម្ពុជាតេលា ជាក្រុមហ៊ុនប្រេងឥន្ធនៈឈានមុខនៅកម្ពុជា ទទួលសិទ្ធិផ្តាច់មុខក្នុងការប្រើប្រាស់ស្លាកសញ្ញា The Habit Burger Grill ជាផ្លូវការ នៅកម្ពុជា បានចែកជូន Burger ចំនួន៤០០ឈុតជូនដល់អតិថិជនដោយឥតគិតថ្លៃ។

ការចែកនេះ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ពេលព្រឹកចំនួន២០០ឈុត និងពេលល្ងាចចំនួន ២០០ឈុត ដើម្បីឱ្យអតិថិជនបានសាកល្បង រសជាតិដ៏ឈ្ងុយឆ្ងាញ់របស់ The Habit Burger Grill មុននឹងចាប់ផ្តើមបើកដំណើរការ សាខាទី២ជាផ្លូវការ នៅមហាវិថីម៉ៅសេទុង ទល់មុខស្ថានទូតចិន នៅថ្ងៃទី១៦ ខែវិច្ឆិកា ខាងមុខនេះ។

លោក យី សុផល ប្រធានប្រតិបត្តិ The Habit Burger Grill បានឱ្យដឹងថា គោលបំណងនៃការចែក Burger ដោយឥតគិតថ្លៃនេះគឺដើម្បីឱ្យអតិថិជនបានសាកល្បង រសជាតិឆ្ងាញ់ ពិសាររបស់ The Habit Burger Grill ដែលមានប្រភពមកពីសហរដ្ឋអាមេរិក។

លោក យី សុផល បានបន្ថែមថា ការបើកដំណើរការនេះដោយសារមើលឃើញថា ប្រជាពលរដ្ឋកម្ពុជាភាគច្រើនបានងាកមកចូលចិត្តបរិភោគ Burgerច្រើន ដូចនេះហើយ បានជាក្រុមហ៊ុនកម្ពុជាតេលា ដែលជាក្រុមហ៊ុនតែងតែគិតគូលើគុណភាពផលិតផលជាចម្បង បាននាំយក The Habit Burger Grill មកដំណើរការបំរើអតិថិជននៅកម្ពុជា។

ប្រធានប្រតិបត្តិរូបនេះ បានបន្ថែមថា The Habit Burger Grill សាខាទី១ នៅទីតាំងខណ្ឌទួលគោក ជិតស្ពានអាកាស៥មករា មហាវិថីសហព័ន្ធរុស្ស៊ី បានបើករួចហើយ នៅក្នុងខែតុលា ឆ្នាំ២០២០ ហើយThe Habit Burger Grill នៅមហាវិថីម៉ៅសេទុង ទល់មុខស្ថានទូតចិនជាសាខាទី២ The Habit Burger Grill និងបើកសាខាទី៣ ក្នុង Central Park អង្គស្នួល នៅតាមបណ្តោយផ្លូវជាតិលេខ៤ ជិតផ្សារបែកចាន នឹងបើកដំណើរការក្នុងខែធ្នូ ឆ្នាំ២០២០។

សូមបញ្ជាក់ថា ក្រុមហ៊ុនកម្ពុជាតេលា ជាអ្នកបង្កើតវប្បធម៌ផ្សារមីនីម៉ាត (Mini-Mart) នៅក្នុងស្ថានីយប្រេងឥន្ធនៈ ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០០២។ ជាមួយនឹងការបន្តពង្រឹងឆន្ទៈមោះមុតលើការផ្តល់សេវាជូនដល់អតិថិជនឱ្យកាន់តែប្រសើរឡើងថែមទៀត។ ចំពោះ Central Park (Tela) នៅគ្រប់ទីកន្លែងមានបើក Tela Super Mart និងហាងម្ហូបអាហារច្រើនប្រភេទ រួមទាំងកាហ្វេ (Luna Coffee & Bakery) និង The Habit Burger Grill ផងដែរ៕