(ភ្នំពេញ)៖ ធនាគារ ជីប ម៉ុង នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ប្រគល់ថវិការបស់សប្បុរសជនដែលបានបរិច្ចាគតាមកម្មវិធីទូរស័ព្ទដៃ Chip Mong Bank App សរុបចំនួន ១០ លានរៀល ជូនដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នាពេលកន្លងទៅ។

គួរជម្រាបថា ធនាគារ ជីប ម៉ុង បានរៀបចំយុទ្ធនាការបរិច្ចាគនេះចាប់ពីថ្ងៃទី២១ ខែតុលា រហូតដល់ថ្ងៃ១០ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលអនុញ្ញាតឲ្យអតិថិជន ក៏ដូចជាអ្នកប្រើប្រាស់សេវាកម្មរបស់ធនាគារ ជីប ម៉ុង ទាំងអស់អាចរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការជួយជនរងគ្រោះដោយសារទឹកជំនន់ តាមរយៈការបរិច្ចាគតាមកម្មវិធីទូរសព្ទដៃ Chip Mong Bank App។

ក្រុមហ៊ុនមេរបស់ធនាគារ ជីប ម៉ុង គឺក្រុមហ៊ុន ជីប ម៉ុង បានចូលរួមយ៉ាងសកម្មជាមួយរាជារដ្ឋាភិបាលកម្ពុជាសម្រាប់សកម្មភាពសង្គម ជាពិសេសក្នុងពេលដែលកម្ពុជាជួបប្រទះគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ក្នុងនោះ ជីប ម៉ុង បានបរិច្ចាគថវិកាជាង ៤០ ម៉ឺនដុល្លារ អង្ករ និងភេសជ្ជៈមួយចំនួនជូនរាជរដ្ឋាភិបាលកម្ពុជាសម្រាប់សង្គ្រោះប្រជាពលរដ្ឋរងគ្រោះ៕